ខេត្តពោធិ៍សាត់ ៖ កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទីចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច បានបង្រ្កាបក្រុមក្មេងទំនើងអុកឡុកទីសាធារណៈចំនួន១១នាក់ ដកហូតឧបករណ៍ជាអាវុធ និងសម្ភារផ្សេងៗទៀតដើម្បីយកទៅបន្តនីតិវិធី ។
ករណីបង្រ្កាបក្មេងទំនើងខាងលើ ធ្វើឡើងនៅភូមិក្រសាំងគ្រួ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពពីមន្រ្តីនគរបាលប៉ុស្ដិ៍ចុះធ្វើការងារផ្ទាល់បានឲ្យដឹងថា ជាលទ្ធផលយើងបង្រ្កាបក្រុមក្មេងទំនើងបានចំនួន១១នាក់ម៉ូតូចំនួន៤គ្រឿង កាំបិត ពូថៅនិងខ្សែក្រវាត់ ខណៈដែលក្រុមនេះតែងតែអុកឡុកតាមផ្លូវសាធារណៈ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង១១នាក់ រួមនឹងមធ្យោបាយម៉ូតូ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការបន្ត ៕
ដោយ៖ បុឹម ពិន