ខេត្តស្ទឹងត្រែង+រតនគិរី ៖ ព័ត៌មានទាន់ហេតុការណ៍ បន្ទាប់ពីសមត្ថកិច្ចឡោមព័ទ្ធព្រៃមួយកន្លែងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងការតាមប្រមាញ់ជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃកន្លងទៅ មិនទាន់ឃាត់ខ្លួនបាននឹងបន្តរត់គេចទៅទីតាំងថ្មី។
នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានសេចក្តីរាយការណ៍មកថា, ជនសង្ស័យជាឃាតក បានបន្តរត់មកចូលស្រុកលំផាត់ ខេត្តរតនគិរី គេចខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ច។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានឲ្យអង្គភាព នគរវត្ត ដឹងតាមទូរស័ព្ទនៅមុននេះបន្តិចថា, “មុនដំបូងខ្ញុំទទួលព័ត៌មានថា ជនសង្ស័យបានរត់គេចខ្លួនពីស្រុកកោះញែកខេត្តមណ្ឌលគិរី មកសម្ងំក្នុងព្រៃ ស្រុកលំផាត់ ខេត្តរតនគិរី” ។ លោកស្នងការបានបន្តថា, ក្រោយមកយើងក៏ទទួលព័ត៌មានថ្មី លេចឮថា ជនសង្ស័យកំពុងលាក់ខ្លួនក្នុងព្រៃ នៅឯស្រុកសេសាន ខេត្តស្ទឹងត្រែង ដូច្នេះទាំងកម្លាំងនគរបាលខេត្តរតនគិរី និងខេត្តស្ទឹងត្រែង បានសហការគ្នា ក្នុងការឡោមព័ទ្ធ និងតាមប្រមាញ់ជនសង្ស័យជាឃាតកនេះ យ៉ាងយកចិត្តទុកដាក់បំផុត”។
តាមប្រភពព័ត៌មានខ្លះ បានបញ្ជាក់ថា, ជនសង្ស័យ យកជាប់ទៅជាមួយនៅអាវុធ កាន់ជាប់ដៃរហូត។ ដូច្នេះសមត្ថកិច្ចមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងវិធានការការពារខ្លួន តាមជំនាញកំពុងចុះប្រតិបត្តិការនេះ៕
ដោយ៖សុខ ខេមរា