ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នលើលោកផ្កាយ១យោធា ដែលយកកាំភ្លើងវាយសន្តិសុខបែកក្បាល បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ក្រោមការចោទប្រកាន់ពីបទ
«ប្រើប្រាស់អាវុធខុសច្បាប់» តាមមាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា “តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។
អំពើហិង្សានេះ កើតឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០នាទីរសៀល នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង ក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចថ្លែងថា ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង និងជាមន្ត្រីយោធាពាក់ផ្កាយ១ ។
ជនរងគ្រោះរងរបួសបែកក្បាលផ្នែកខាងឆ្វេង លើត្រចៀក១កន្លែង និងដេរអស់៣ថ្នេរ ។ វត្ថុតាងចាប់យក រួមមានកាំភ្លើងខ្លីមួយដើមម៉ាក CF98 មានបង់ចំនួនមួយ និង គ្រាប់ចំនួនមួយ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨៖០០នាទី ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិកសុខ ម៉េង ។ នៅពេលយាមដល់ម៉ោងប្រហែល៥ទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរជនរងគ្រោះថា «ពូសន្តិសុខយាមនៅហ្នឹងរាល់ថ្ងៃទៅណាហើយ» ជនរងគ្រោះឆ្លើយថា គាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ។
ពេលនោះមនុស្សប្រុសម្នាក់នោះ បានខ្ចីលុយពីជនរងគ្រោះចំនួន៣ពាន់រៀល ហើយជនរងគ្រោះក៏ឱ្យលុយខ្ចីចំនួន៣ពាន់រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ ។
លុះដល់ម៉ោង៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជើងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិករបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថា បងប្អូនអ្នកជំងឺយកពាក់សិនទើបមិនរក ។
រហូតដល់ម៉ោង៨យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និង ហុចលុយឱ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យកស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។
បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឱ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខឱ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិកតែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញ វិញទៅ។
រហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិក មិនឃើញជនសង្ស័យក៏តេហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិក ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមកវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេងបណ្តាលឱ្យដួល ហើយជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិកបាត់ទៅ ។
ចំណែកជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួសនិងដេរចំនួន៣ថ្នេរ។ បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដើម្បីសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឱ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ ដើម្បីលួចស្បែកជើងរបស់ខ្លួន ។
សូមបញ្ជាក់ជូនថា តាមការឆែកកាមេរ៉ាសុវត្ថិភាព ឃើញថា មានមនុស្សប្រុសម្នាក់បានមកហុចលុយឱ្យជនរងគ្រោះ ប្រាកដមែន ៕
ដោយ៖ឆ ដា