ខេត្តកំពង់ចាម៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះទៅកាន់ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាទីដែលនាវាមួយគ្រឿងលិចនៅក្នុងទន្លេកាលពីសម័យសង្គ្រាម ដោយមានផ្ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រេីន។
ការចុះពិនិត្យនេះក្នុងគោលបំណងសិក្សា និងដោះស្រាយ លេីករណីនាវាចំណាស់ ដេីម្បីបញ្ចប់បញ្ហាព្រួយបារម្ភឱ្យបានឆាប់នៅថ្ងៃខាងមុខ ដេីម្បីដោះស្រាយករណីនេះ រាជរដ្ឋាភិបាល បានបង្កេីតក្រុមការងារអន្តរក្រសួងមួយ ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត ដេីម្បីពិនិត្យ និងដោះស្រាយបញ្ហានេះ។
ក្រុមការងារនេះ មានតួនាទីភារកិច្ច សិក្សាស្រាវជ្រាវអំពីប្រវត្តិ នៃការលិចនាវា ព្រមទាំងភស្តុតាងផ្សេងៗ ដើម្បីឈានទៅកំណត់ទីតាំងជាក់លាក់ នៃនាវាដែលលិច ប្រភេទនាវា និងប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមាននៅក្នុងនាវាសម្រាប់ជាមូលដ្ឋានកំណត់គោលដៅបោះពោង ឬដាក់ផ្លាកសញ្ញាចំណាំជាតំបន់មានហានិភ័យ ដែលត្រូវហាមឃាត់ការចេញចូលតំបន់នោះ។ ការសម្របសម្រួលស្នើសុំកងកម្លាំងកងទ័ពជើងទឹក និងនគរបាលការពារព្រំដែនទឹក ដើម្បីសហការប្រចាំការការពារនៅតំបន់មានហានិភ័យខាងលើ សំដៅធ្វើការហាមឃាត់មិនឱ្យប្រជាពលរដ្ឋចេញ ចូល ឆ្លងកាត់ការធ្វើអាជីវកម្មបូមខ្សាច់ និងការធ្វើនាវាចរណ៍ចូលទៅក្នុងតំបន់នោះ និង ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីតំបន់មានហានិភ័យ ដែលត្រូវបានហាមឃាត់ខាងលើ ដើម្បីបង្ការការពារការកើតមានគ្រោះថ្នាក់ ជាយថាហេតុណាមួយដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ សិក្សាស្រាវជ្រាវ និងកំណត់លក្ខខណ្ឌបច្ចេកទេស ដើម្បីរៀបចំប្រតិបត្តិការស្រង់យក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចេញពីក្នុងនាវាដែលបានលិច ព្រមទាំងបំពេញការងារផ្សេងៗទៀត តាមការចាំបាច់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីម៉ាក់ បានមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទ មានដូចជាគ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ ដែលស្ថិតនៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ដោយពេលនោះសមត្ថកិច្ច បានមុជទឹកជម្រៅ១៩ម៉ែត្រ ហើយបានប្រទះឃើញទ្រង់ទ្រាយជានាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌ ៕
ដោយ៖សូ រិយា