អន្តរជាតិ៖ រដ្ឋាភិបាលថៃ បន្តដាក់សុពលភាពក្រឹត្យដាក់ប្រទេសក្នុងស្ថានភាពអាសន្នរហូតដល់ដំណាច់ខែកុម្ភៈ បេីទោះបីជានៅថ្ងៃទី៥ខែមករាឆ្នាំ២០២១នេះ ករណីឆ្លងកូវីដ-១៩ នៅប្រទេសមួយនេះ បានធ្លាក់ចុះបន្តិចបើធៀននឹងប៉ុន្មានថ្ងៃមុន ដោយករណីឆ្លងមានចំនួន ជាង៥២៧ករណី។
ជាក់ស្តែងនៅថ្ងៃទី៤ ខែមករាម្សិលមិញនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) បានអនុម័តឲ្យបន្តការដាក់ប្រទេសរហូតដល់ដំណាច់ខែកុម្ភៈ ខណៈភាពអាសន្នបច្ចុប្បន្នជិតអស់សុពលភាពទៅហើយ។ ហេីយសេចក្តីសម្រេចរបស់ CCSA ត្រូវឆ្លងកាត់ការយល់ព្រមរបស់គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃទី៥ ខែមករានេះ។
បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បាននិយាយថា ការអនុម័តឲ្យបន្តស្ថានភាពអាសន្ននេះ ធ្វើឡើងស្របពេលថៃបន្តប្រយុទ្ធការផ្ទុះឡើងករណីឆ្លងជំងឺកូវីដ-១៩ ដែលកើតចេញពីខេត្តសមុទ្រសាគរកាលពីពាក់កណ្ដាលខែធ្នូ២០២០។ នៅថ្ងៃទី៥ ខែមករា ថៃបានប្រកាសថា មានករណីឆ្លងចំនួន ៥២៧ករណី និងគ្មានអ្នកស្លាប់ ដែលអត្រានេះ មានចំនួនតិចជាងថ្ងៃទី៤ ខែមករា ដែលមាន៧៤៥ករណី។ ក្នុងចំណោមករណីឆ្លងថ្មី ករណីឆ្លងក្នុងស្រុកមានចំនួន ៥២១ករណី។
សូមជម្រាបថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បើទោះបីជាមានករណីឆ្លងនៅតែបន្តរាតត្បាតក៏ដោយ នៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ បានថ្លែងថា រដ្ឋាភិបាលថៃ មិនមានគម្រោងបិទខេត្តចំនួន៥ ដែលរងគ្រោះខ្លាំងទាំងស្រុងឡើយ។ ខេត្តទាំងនោះមានដូចជា សមុទ្រសាគរ, ជលបុរី, រ៉ាយ៉ង, ចន្ទបុរី, និងត្រាត។
ដោយឡែកឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam ក៏បានច្រានចោលសំណើនេះដែរ ដោយសំអាងថា ខេត្តទាំងនោះស្ថិតក្រោមការរឹតត្បិតយ៉ាងតឹងរ៉ឹងរួចហើយ និងមិនទាមទារឲ្យបិទទាំងស្រុងឡើយ។ សំណើបិទខេត្តខាងលើទាំងស្រុងនេះ ស្នើដោយអនុរដ្ឋមន្ត្រីសុខាភិបាលថៃ Satit Pitutecha ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ ក៏បានដាក់ចេញវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ការរាលដាល។ រាល់អ្នកដែលធ្វើដំណើរពីតំបន់ក្រហម ដែលជាតំបន់ឆ្លងខ្លាំងនោះ ចូលទៅតំបន់ផ្សេងទៀត ត្រូវដាក់ចត្តាឡីស័កចំនួន ១៤ថ្ងៃ។ ខេត្តថៃ ស្ថិតក្នុងតំបន់ក្រហមមានចំនួន ២៧ និងទីក្រុងបាងកកផងដែរ។ ប៉ុន្តែក្នុងតំបន់នេះ ភ្ញៀវ អាចបរិភោគនៅក្នុងហាងបានរហូតដល់ម៉ោង ៩យប់។ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៦ព្រឹក ការបរិភោគនៅក្នុងហាងត្រូវហាមឃាត់។
ជាមួយគ្នានេះ គ្រប់ហាងទាំងអស់ អាចបើកបាន ប៉ុន្តែត្រូវបានឧបករណ៍ត្រួតពិនិត្យកម្តៅឲ្យបានត្រឹមត្រូវ និងត្រូវប្រើប្រាស់កម្មវិធីMorchana ដែលជាកម្មវិធីតាមដានអ្នកផ្ទុកកូវីដ-១៩ លើទូរសព្ទដៃ។ រាល់ការធ្វើដំណើរឆ្លងខេត្ត ត្រូវផ្អាកបណ្តោះអាសន្ន លើកលែងតែកិច្ចការសំខាន់ ដូចជាការដឹកជញ្ជូនទំនិញជាដើម។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ថៃមានការឆ្លងសរុបចំនួន ៨៩៦៦ករណី និងអ្នកស្លាប់មានចំនួន ៦៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន៤៣៩៧នាក់៕ដោយ៖ស តារា
រូបភាព៖ AFP