ព័ត៌មានទាន់ហេតុការណ៍៖

សង្វេគខ្លាំងណាស់!! ប្រពន្ធយំឱបសពប្ដី​បន្ទាប់ពីប្ដីជិះម៉ូតូតាមផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុកអូសជាច្រើនម៉ែត្រស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

        ភ្នំពេញ​ ៖​ គួរឲ្យសង្វេគខ្លាំងណាស់​ ខណៈដែលបុរសជាជាងដែកម្នាក់ជិះម៉ូតូតាមផ្លូវសុខៗក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកបុកពីក្រោយអូសជាច្រើនម៉ែត្របណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម​ រីឯរថយន្តបង្កបានបើកគេចបាត់ស្រមោល​ ។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង៩​និង២០នាទីយប់​ ថ្ងៃអង្គារទី៥​ ខែមករា​ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ជិតច្រកចូលសាលាខណ្ឌមានជ័យ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    សពជនរងគ្រោះមានឈ្មោះ​ ហែន​ ចាន់ទី​ ហៅប៉ាជូលី​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបរជាងដែក​ ស្នាក់នៅបន្ទប់ជួល​ ក្នុងភូមិព្រែកតានូ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិបឹងព័ទ្ធ ឃុំស្តុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1BC-7511 ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ​ ក្នុងទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកស្របគ្នាមកពីក្រោយក្នុងល្បឿនយ៉ាងលឿនរួចបុកម៉ូតូជនរងគ្រោះទាំងកំរោលអូសទាំងម៉ូតូនិងជនរងគ្រោះប្រហែល៥០ម៉ែត្រ​ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។​ ចំណែករថយន្តបង្កបើកគេចបាត់​ស្រមោលទៅ។ 

    ក្រោយកើតហេតុ​ គេឃេីញសាច់ញាតិនិងប្រពន្ធជនរងគ្រោះបានមកដល់ស្រែកទ្រហោយំឱបសពគួរឱ្យខ្លោចផ្សាបំផុត​ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យបានមកធ្វើកំណត់ហេតុរួចប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណេីតធ្វើបុណ្យតាមប្រពៃណី។​ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ដេីម្បីរង់ចាំស្រាវជ្រាវរករថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយតាមច្បាប់​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖