ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព័ទ្ធចាប់ចោរលួចកាច់សោ.កម៉ូតូម្នាក់ ផ្អើលពលរដ្ឋពេញភូមិ

ចែករំលែក៖

       ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យចោរលួចកាច់សោ.កម៉ូតូម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាល សហការព័ទ្ធចាប់ខ្លួនក្រោយធ្វើសកម្មភាពរួចបង្កលារភ្ញាក់ផ្អើលពេញភូមិ ។

 ករណីបង្រ្កាបជនសង្ស័យចោរលួចកាច់សោ.កម៉ូតូខាងលើ ធ្វើឡើងនៅវេលាម៉ោង៣ និង២៣នាទី រសៀលថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិក្រូចសើច ឃុំខ្នារទទឹង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 មន្រ្តីអធិការដ្ឋាននគរស្រុកតាលោសែនជ័យបានឲ្យដឹងថា ជនសង្ស័យត្រូវបានបង្រ្កាបមានឈ្មោះ ព្រាប ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មុនចាប់ខ្លួនជនសង្ស័យ(ព្រាប ពៅ)ជាមុខសញ្ញា បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I 9487 មិនបានសម្រេចខណៈបញ្ឆេះម៉ូតូតែបានរលត់ទៅវិញ ម្ចាស់មើលឃើញទាន់ក៏រត់ទៅចាប់កាងក្រោយជាប់ ជនសង្ស័យផ្ដួលម៉ូតូព្យាយាមរត់គេច ។

 ប្រភពពីមន្រ្តីនគរបាលអធិការដ្ឋានខាងលើបន្តថា ម្ចាស់ម៉ូតូឈ្មោះ ចាយ ចាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមរកា ឃុំខ្នារទទឹង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 ប្រភពដដែលបញ្ជាក់បន្តទៀតថា បច្ចុប្បន្ន វត្ថុតាងម៉ូតូត្រូវសមត្ថកិច្ចនគរបាលប្រគល់ជូនម្ចាស់វិញ។ ដោយឡែក ជនសង្ស័យចោរលួចកាច់សោ.កម៉ូតូជាមុខសញ្ញា(ព្រាប ពៅ)ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកតាលោសែនជ័យដើម្បីចាត់ការបន្ត ៕ 

ដោយ÷ បុឹម ពិន


ចែករំលែក៖