ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានកក់កៅអីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ឬ EFL Cup រដូវកាល២០២០-២០២១ ក្រោយយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផល២ទល់០ កាលពីរាត្រីថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី៦ មករានេះថា ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham មានប្រៀបជាងគូប្រកួតកាលពីប្រកួតនេះ ដោយបានគ្រប់គ្រងបាល់រហូតដល់៥៤ភាគរយ ខណៈដែលក្រុមភ្ញៀវ Brentford មានតែ៤៦ភាគរយ។ នៅតង់ទី១ក្រុមម្ចាស់ផ្ទះ Tottenham មានឱកាសរកគ្រាប់បាល់នាំមុខ១គ្រាប់នៅនាទីទី១២ ដោយកីឡាករ Sissoko ហើយ១គ្រាប់នេះគឺបន្តរហូតដល់ចប់តង់ទី១។
ចូលដល់ការប្រកួតតង់ទី២ ក្រុមម្ចាស់ផ្ទះTottenham នៅតែមានឱកាសគ្រប់គ្រងបាល់និងព្យាយាមរកគ្រាប់បាល់បានដដែល ប៉ុន្តែនៅតែមិនអាចធ្វើអ្វីក្រុមភ្ញៀវបានក្នុងរយៈពេលជិត២០នាទីដំបូង។ ចូលដល់នាទីទី៧០ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-Minរកបាន១គ្រាប់ទៀត ធ្វើឲ្យក្រុម Tottenham នាំមុខ២គ្រាប់។ នៅនាទីទី៨៤ កីឡាករ Dasilva របស់ក្រុម Brentford បានបង្កកំហុសទៅលើកីឡាករ Tottenham ធ្វើឲ្យអាជ្ញាកណ្តាលបានផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត។
លទ្ធផលនេះធ្វើឲ្យក្រុមមាន់ខ្នាយមាស Tottenham មានឱកាសពេញលេញទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ដោយត្រូវប៉ះជាមួយក្រុម Manchester United ឬ Manchester City ដែលត្រូវប្រកួតគ្នានៅរាត្រីថ្ងៃទី៦ មករានេះ។
ក្រោយពីឈ្នះកាលពីយប់មិញ ក្រុម Tottenham បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ឬ EFL Cup លើកទី៩របស់ខ្លួន ហើយធ្លាប់ឈ្នះពាននេះចំនួន៤ដង និងមានតែក្រុម Liverpool ប៉ុណ្ណោះដែលឈ្នះពានរង្វាន់នេះច្រើនជាងរហូតដល់១២ដង ៕ដោយ៖ភារៈ