ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានបន្តរកឃើញពពុះសណ្ដែកមានសារធាតុគីមីបូរ៉ាក់ និងទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខទៀតនៅក្នុងផ្សារដូនស ស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២១។
បើតាមលោកផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប)បានឱ្យដឹងថា លោកបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអាហារនិងទំនិញវេចខ្ខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ ដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងសកម្មភាពការងារចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារដែលតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន៣២គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញរបស់លោកបានរកឃើញទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា៖
ស្ករគ្រាប់ចំនួន១០កញ្ចប់, នំពងទាចំនួន ១០ថង់ ( ១៥Kg ), ចាហួយដូងចំនួន៨ ធុង ( ១៦ Kg ), ទឹកសៀងចំនួន១១ដប,
ទឹកភេសជ្ជៈម៉ាកស្ទីងចំនួន១២ដប,ទឹកក្រូចឆ្មារចំនួន១០ដប, នំបាញ់ត្រាង ចំនួន១៥Kg និងពពុះសណ្ដែកដែលដាក់សារធាតុគីមីបូរ៉ាក់ ហើយមន្ត្រីជំនាញ(ក ប ប)ក៏បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។
ប្រភពបន្តថា ក្នុងពេលជាមួយគ្នានោះមន្ត្រីជំនាញយើងបានចុះទៅតាមស្ថានីយប្រេងឥន្ធនៈ បិទ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយលើខ្លឹមសារ( ការស្វែងយល់ដឹងអំពីអំពើមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនិឹងប្រេងឥន្ធនៈ ) និងពន្យល់ពីរបៀប Scan QR Code ដែលមាននៅលើខិត្តប័ណ្ណ ដើមទាញយកឯកសារ និងបទបញ្ញត្តិផ្សេងៗផងដែរ៕ យឹម សុថាន