ហាងលក់ទំនិញនានាក្នុងទីក្រុងវ៉ាស៊ីនតោនបានបិទទ្វារ ហើយយកក្តារទៅបាំងទ្វារបង្អួចកញ្ចក់ ក្នុងគោលដៅទប់ស្កាត់បាតុករហិង្សាឆក់ប្លន់ហាងលក់ទំនិញរបស់ខ្លួនដូចពេលមុនៗ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលលោកត្រាំប្រកាសធ្វើមហាបាតុកម្មក្នុងថ្ងៃសភាបោះឆ្នោត អនុម័តលទ្ធផលបោះឆ្នោតប្រធានាធិបតី ។ នៅពេលនេះក្រុមអ្នកគាំទ្រលោកត្រាំ បាននាំគ្នា សម្រុកមកកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ត្រៀមធ្វើបាតុកម្មនៅថ្ងៃទី៦ខែមករា(ពេលវេលាអាមេរិក)។
ពលរដ្ឋនាំគ្នាមកកាន់រដ្ឋធានីចំពេលអាកាសធាតុត្រជាក់ ហើយប្រឈមនឹងហានិភ័យនៃការឆ្លងកូវីដ-១៩ខ្ពស់ ។ ជាមួយគ្នានេះដែរ នៅសេតវិមាន បានរៀបចំទីតាំងសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំថ្លែងសុន្ទរកថាដ៏សំខាន់ទៅកាន់អ្នកគាំទ្រ ។
ទង់ មួក សម្លៀកបំពាក់តំណាងការគាំទ្រលោកត្រាំ ក៏បានដាក់លក់នៅគ្រប់ទិសទី។ តាមការព្យាករ នឹងមានពលរដ្ឋរាប់សិបពាន់នាក់មកកាន់ទីក្រុងវ៉ាស៊ីនតោន ចូលរួមធ្វើមហាបាតុកម្មគាំទ្រលោកត្រាំ និងប្រឆាំងលទ្ធផលបោះឆ្នោត។
នៅពេលនេះកម្លាំងសន្តិសុខ ក៏បានត្រៀមលក្ខណៈទប់ស្កាត់បាតុករបង្កហិង្សា ចំណែកហាងលក់ទំនិញក៏បានបិទ ហើយយកក្តារទៅបាំងខ្លាចក្រុមបាតុករអុកឡុកចូលបំផ្លាញ។ ក្រុមអ្នកគាំទ្រលោកត្រាំមិនបានពាក់ម៉ាស់នោះឡើយ ហើយក៏មិនគោរពទៅតាមច្បាប់គម្លាតសង្គមផងដែរ ដែលជាក្តីបារម្ភបំផុតអាចឆ្លងរាលដាលកូវីដ-១៩ ខ្លាំងឡើង៕
ដោយ៖ធី រីណា(រូបភាព៖ thoida)