ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា ក្រោមការទទួលបន្ទុករបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ សហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន និងអង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ បានរៀបចំសែនព្រែន សុំសេចក្តីសុខចម្រើន ដើម្បីបើកការដ្ឋានជួសជុលប្រាសាទបាយ័ន្តនៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកដំណើរការឱ្យភ្ញៀវចូលទស្សនាជាថ្មី។
តាមការបញ្ជាក់ពីលោកគឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទបាយ័ន្តនៅរួតទី៣ បានទ្រុឌទ្រោមដោយសាររចនាសម្ព័ន្ធថ្មប្រាសាទក្រៀកចេញពីគ្នា ព្រោះតែអាកាសធាតុ អាយុកាលសំណង់ ការចុះខ្សោយនៃគុណភាពនៃរចនាសម្ព័ន្ធសំណង់ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់សំណង់ប្រាសាទទាំងមូល រួមទាំងទេសចរផង បើជួសជុលមិនទាន់ពេលវេលា។
លោកបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងដំណើរការជួសជុលមានដូចជា៖ ការរើថ្មចេញ ហើយរុញចូលវិញនៅជ្រុងទី៣ទិសខាងត្បូង ការទល់ទ្រកន្លែងដែលមានហានិភ័យរកកលនឹងរលំដួលចំនួន៥៦ចំណុចផ្សេងៗគ្នា។ ក្នុងនោះក៏នឹងមានការរៀបចំបិទភ្ជិតលើថ្នេរថ្មដែលវាប្រេះកុំឱ្យវាជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើ ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសាទ។
ក្នុងការអនុវត្តការងារនេះ ធ្វើឡើងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាខ្លួនឯង ហើយនឹងចំណាយរយៈពេលមួយឆ្នាំដើម្បីជួសជុលប្រាសាទបាយ័ន្តនៅរួតទី៣នេះឱ្យរួចរាល់ជាស្ថាពរបើពុំមានបញ្ហារាំងស្ទះអ្វីកើតឡើង ទាំងការរៀបចំគូសប្លង់ សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងឆ្លងយោបល់ពីអ្នកជំនាញការអាដហុក៕
ដោយ៖សូ រិយា