ខេត្តកណ្ដាល៖ មានករណីប៉ុនប៉ងឃាតកម្មមួយបានកើតឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។សមត្ថកិច្ចបានដឹងថា, បុរសម្នាក់បានកាប់ចិញ្ច្រាំស្ត្រីម្នាក់ និងកូនពីរនាក់បណ្ដាលឱ្យរបួសធ្ងន់ ខណៈប្ដីស្ត្រីរងគ្រោះចេញទៅទិញសាច់ក្លែម។
សមត្ថកិច្ចបានបញ្ជាក់ថា,ជនរងគ្រោះ០៣នាក់រួមមាន៖
១.ឈ្មោះសុខ ចាន់ឌី ភេទស្រី អាយុ ៣២ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សុី)។
២.ឈ្មោះ រស្មី ស្រីយ៉ា ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។
៣.ឈ្មោះរស្មី សូជីញ ភេទស្រីអាយុ ០៨ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។
ដោយឡែកឈ្មោះ ផាន ភក្តី (ជាប្ដីជនរងគ្រោះ)ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នគរបាលស្រុកកៀនស្វាយបានបញ្ជាក់ថា,ចំណែកជនសង្ស័យ មានឈ្មោះ ចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ មានស្រុកកំណើត នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចប្បន្នស្នាក់នៅកន្លែងធ្វើការងារ(ធ្វើកម្មករសំណង់)ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(គេចខ្លួន)។
មុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះចន សុវណ្ណចាន់តុកុល ភេទប្រុសអាយុ២៩ឆ្នាំ មានលំនៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានផឹកស៊ីជាមួយប្ដីជនរងគ្រោះឈ្មោះផាន ភក្តី អាយុ៣៨ឆ្នាំជនជាតិខ្មែរមានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រានិងសាច់ក្លែម លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួនមានរងរបួសស្នាមពេញខ្លួន ។
សមត្ថកិច្ចបញ្ជាក់ថា, ពេលជនសង្ស័យ កំពុងផឹកស្រាជាមួយប្ដី ជនរងគ្រោះ នៅក្រោមផ្ទះ ជនរងគ្រោះ បានរអ៊ូរទាំជេរប្ដីមិនឲ្យផឹកស្រាជាមួយជនសង្ស័យ នៅផ្ទះរបស់ខ្លួននោះទេ ទទួលពេលប្ដីជនរងគ្រោះទៅទិញស្រាបៀរ និងសាច់ក្លែមជនសង្ស័យមានឱកាស ប្រព្រឹត្តធ្វើសកម្មភាព តែម្ដង ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន។ ទើបនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំង ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន ហើយករណីនេះសមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី ៕
ដោយ៖ស្អាងជ័យ