ខេត្តព្រះសីហនុ៖ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកពូជគោជូនប្រជាពលរដ្ឋចំនួន៧គ្រួសារ ដោយ១គ្រួសារទួលបានគោចំនួន៣ក្បាល សរុបចំនួន២១ក្បាល និងពូជមាន់ចំនួន៦គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ៤០គីឡូ សរុបចំនួន ២៤០គីឡូ។ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ។
លោក រ័ត្ន វិរៈ បានឱ្យដឹងថា ការរៀបចំពិធីចែកគោពូជចិញ្ចឹមជូនប្រជាពលរដ្ឋនេះ គឺជារួមចំណែកក្នុងការផ្តល់ពូជដល់ប្រជាជននៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីផ្សារភ្ជាប់ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់តំបន់មួយយ៉ាងល្អប្រសើរសម្រាប់ជាចក្ខុវិស័យក្នុងការបង្កើនផលិតភាពកសិកម្មប្រកបប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាពដល់បរិស្ថានរស់នៅ និងដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន បានចែកគោ ជ្រូក និងមាន់ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិ នៃម្រោងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ការពារធម្មជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ឱ្យសហគមន៍ តាមរយៈស្មារតីនៃវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ៕
ដោយ៖ សិលា