ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំព្រមផ្ទេរអំណាច ក្រោយសភាអនុម័តលោកបៃឌិនជាអ្នកឈ្នះ

ចែករំលែក៖

សភាអាមេរិកបានប្រកាសជាផ្លូវការហើយ គឺលោកបៃឌិនជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣ខែវិច្ឆិកាឆ្នាំ​២០២០ ។ នៅពេលនេះលោកត្រាំ បានព្រមផ្ទេរអំណាច​ ប៉ុន្តែមុនពេលចាកចេញលោកត្រាំ បានបន្សល់ទុកឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រអាមេរិក​។
អនុប្រធានាធិបតីអាមេរិក លោកMike Pence ដែលបានដឹកនាំកិច្ចប្រជុំសភាបានប្រកាសថា លោកបៃឌិន និងលោកស្រី ​កាម៉ាឡា ហារីស​ជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនិងអនុប្រធានាធិបតី។ លោក Mike Pence បានប្រកាសថា លោកបៃឌិន ទទួលបានសំឡេងគាំទ្រ៣០៦ ចំណែកលោកត្រាំទទួលបានតែ​២៣២សំឡេងប៉ុណ្ណោះ ។ ដូច្នេះលោកបៃឌិនក្លាយជាប្រធានាធិបតីទី​៤៦របស់អាមេរិក។ នៅវេលាថ្ងៃត្រង់ថ្ងៃទី​២០​ខែមករា​(ពេលវេលាអាមេរិក) លោកបៃឌិននិងលោកស្រី ហារីស​នឹងស្បថចូលកាន់តំណែង។
ក្រោយអនុប្រធានាធិបតី Mike Pence ប្រកាសថា លោកបៃឌិនជាអ្នកឈ្នះ​ទើបប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសព្រមចុះចាញ់ហើយផ្ទេរអំណាចប្រធានាធិបតីអាមេរិកប្រកបដោយសន្តិភាព។
ពាក់ព័ន្ធនឹងការធ្វើបាតុកម្មវាយប្រហារវិមានរដ្ឋសភា​គឺបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ហើយមានបាតុករ៥២នាក់ត្រូវបានចាប់ខ្លួនផងដែរ​។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ប្រសិនបើលោកត្រាំព្រមចុះចាញ់តាំងពីពេលដំបូង លោកនឹងក្លាយជាបុគ្គល​ដ៏ល្អមួយរូប​របស់អាមេរិក ដែលខិតខំធ្វើឲ្យអាមេរិកកាន់តែខ្លាំងឡើង។ ផ្ទុយទៅវិញ ការមិនព្រមចុះចាញ់ ហើយជំរុញអ្នកគាំទ្រឱ្យធ្វើបាតុកម្មនៅវិមានកាពីតូល​ (អគាររដ្ឋសភា) ធ្វើឲ្យលោកបាត់បង់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អាមេរិក ក្នុងពេលចុងក្រោយ នៃការបញ្ចប់អាណត្តិ៕

ដោយ៖ធី រីណា


ចែករំលែក៖