ព័ត៌មានទាន់ហេតុការណ៍៖

បុរស៣នាក់ នៅឯខេត្តកំពង់ស្ពឺ មិនដែលចូលរៀនផង ស្រាប់តែបន្លំ ធ្វើសញ្ញាបត្រ​វេជ្ជបណ្ឌិតក្លែង​ក្លាយ

ចែករំលែក៖

      ខេត្តកំពង់ស្ពឺ៖ បុរស៣នាក់ នៅឯខេត្តកំពង់ស្ពឺ មិនដែលចូលរៀនផង ស្រាប់តែបន្លំ ធ្វើសញ្ញាបត្រ​វេជ្ជបណ្ឌិតក្លែង​ក្លាយ​ ត្រូវបានប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានសរសេរលិខិត ជម្រាប​ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ​ ខេត្តកំពង់ស្ពឺ ឲ្យចាត់វិធានការ​ចំពោះការប្រើ​សញ្ញាបត្រ​វេជ្ជបណ្ឌិត​ក្លែងក្លាយ​។

បេីតាម​ប្រធានក្រុមប្រឹក្សា​គណៈគ្រូពេទ្យជាតិ បានឲ្យដឹងថា​ ចំពោះករណីក្លែងបន្លំសញ្ញាបត្រ​វេជ្ជបណ្ឌិតនេះ ​ខាងជំនាញបានណែនាំដល់​ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពង់ស្ពឺ ចាត់វិធានការ ៤ ចំណុច រួមមាន៖

១.ដកហូត​សញ្ញាបត្រដើម​របស់លោក សាយ សុវណ្ណ ម៉ក់សុជា និង​ ខា វ៉េងហួត​។ 

២.ធ្វើលិខិតជូនមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់វិធានការ​ តាមផ្លូវច្បាប់ ដែលមានចែង​ក្នុងក្រមព្រហ្មទណ្ឌស្តីពី ការក្លែងបន្លំឯកសារ​។

៣.ជូនដំណឹង​ទៅគណៈគិលាន​នុបដ្ឋាក និងគណៈវិជ្ជាជីវៈសុខាភិបាលដទៃទៀតដែរ បើមានការចាំបាច់ ដោយពួកគាត់​ភាគច្រើនជាគិលានុបដ្ឋាកហើយរមែង​បាន​ចុះបញ្ជីជាមួយ​គណៈគិលានុបដ្ឋាក​។

៤.ក្រោយមានវិធានការទាំងអស់ហើយ សូមលោកប្រធាន រៀបចំ​ឲ្យមានរបាយការណ៍ត្រឡប់មកថ្នាក់ជាតិវិញ ដើម្បី​គណៈគ្រូពេទ្យ​ជាតិ រៀបចំ​ផ្សព្វផ្សាយ​ក្នុងគេហទំព័រ និង Facebook Page របស់គណៈគ្រូពេទ្យជាតិ​។

ដោយឡែកវិធានការខាងលើនេះ ត្រូវបានធ្វើឡើង ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានស្នើសុំ​ការផ្ទៀងផ្ទាត់ពីសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាលនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

គួរបញ្ជាក់ថា​ សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រសុខាភិបាល បានចេញលិ​ខិត​បញ្ជាក់ថា សញ្ញាបត្រវេជ្ជបណ្ឌិតរបស់អ្នកទាំង ៣នេះ ពុំមែនជាសញ្ញាបត្រដែល​ចេញដោយសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាលនោះទេ​៕

ដោយ៖សហការី


ចែករំលែក៖