នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កម្លាំងទាហានបដិវត្តន៍អ៊ិស្លាមអុីរ៉ង់(IRGC)បានបង្ហាញជាសាធារណៈនូវទីតាំងកាំជ្រួចមីស៊ីលដ៏សម្ងាត់របស់ខ្លួនស្ថិតនៅក្រោមដី នៅឆ្នេរសមុទ្រពែក្ស (Persian)។
សារព័ត៌មានរុស្ស៊ី RT បានផ្សាយថា មូលដ្ឋានមីស៊ីលនៅក្រោមដីស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានជើងទឹកនៃកម្លាំងបដិវត្តន៍អ៊ិស្លាមអុីរ៉ង់។ រូបភាពនិងឃ្លីបវីដេអូ បង្ហាញឲ្យឃើញថា មន្ត្រីយោធាជាន់ខ្ពស់អុីរ៉ង់បានទៅត្រួតពិនិត្យទីតាំងកាំជ្រួចមីស៊ីលខាងលើ។ តាមរូបភាព គឺមានមីស៊ីលជាច្រើនប្រភេទ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺនៅលើទីធ្លាមានរូបទង់ជាតិអាមេរិកនិងអុីស្រាអែល ដែលជារូបសញ្ញាប្រាប់ថា មីស៊ីលទាំងនោះទុកសម្រាប់វាយប្រហារ អាមេរិកនិងអុីស្រាអែល។
តាមឃ្លីបវីដេអូបង្ហាញឲ្យឃើញថា នៅរូងក្រោមដីមានទំហំធំអាចឲ្យរថយន្តធុនធំពីរគ្រឿងចៀសគ្នាបាន ។ ជាមួយគ្នានោះក៏មានរថយន្តជើងទម្រមីស៊ីល ជាច្រើន រួមទាំងរថពាសដែកផងដែរ។
អគ្គមេបញ្ជាការកងទ័ពបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ លោក Hossein Salami បានទៅសម្ពោធមូលដ្ឋានមីស៊ីលថ្មី ។ លោកHossein Salamiបានប្រកាសថា «នេះជាមូលដ្ឋានមីស៊ីលសម្រាប់កម្លាំងទាហានជើងទឹកនៃកម្លាំងបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ IRGC។ មីស៊ីលទាំងនោះនឹងជួយការពារដែនអធិបតេយ្យរបស់អុីរ៉ង់បានយ៉ាងល្អ»។
ការបង្ហាញមូលដ្ឋានមិស៊ីលសម្រាប់ទាហានជើងទឹក កើតឡើងចំពេលដែលអុីរ៉ង់និងអាមេរិកកំពុងតែតានតឹងខ្លាំងឡើង ពិសេសក្នុងពេលអាមេរិកស្ថិតនៅក្នុងវិបត្តិនយោបាយ បាតុកម្មវាយប្រហារវិមានរដ្ឋសភា។ ការបង្ហាញមូលដ្ឋានមីស៊ីលគឺចង់បញ្ជាក់ថា ប្រទេសអ៊ិស្លាមមួយនេះមានសមត្ថភាពគ្រប់គ្រាន់មិនចុះញ៉មអាមេរិកនោះឡើយ៕
ដោយ៖ធី រីណា(រូបភាព៖Tasnim News)