ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហម Liverpool និង Wolverhampton កក់កៅអីទៅកាន់ជុំទី៤ ពានរង្វាន់ FA Cup

ចែករំលែក៖

ការប្រកួតជម្រុះពានរង្វាន់អង់គ្លេស FA Cup សម្រាប់ជុំទី៣ បានរកឃើញ២ក្រុមហើយឡើងទៅប្រកួតជុំទៅ៤ បន្តទៀត ដោយក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ៤ទល់១ និងក្រុម Wolverhampton បានយកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល១ទល់០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ មករា ២០២១នេះ។

ក្រុមម្ចាស់ផ្ទះ Aston Villa ដែលភាគច្រើនដាក់សុទ្ធតែយុវជន ដោយសារតែកីឡាករក្រុមនេះមានឆ្លងកូវីដ-១៩ផងនោះ បានប្រកួតចាញ់ក្រុមភ្ញៀវ Liverpool សម្រាប់វគ្គជម្រុះជុំទី៣ពានរង្វាន់ FA Cup។ ការប្រកួតតង់ទី១ បានតែ៤នាទី ខ្សែប្រយុទ្ធ Mané រកបាន១គ្រាប់នាំមុខ ប៉ុន្តែនៅនាទីទី៤១ កីឡាករ Barry  របស់ Aston Villa រកបាន១គ្រាប់សងវិញ រហូតដល់ចប់តង់ទី១។

ចូលដល់តង់ទី២ ក្រុមភ្ញៀវ Liverpool បានគ្រប់គ្រងបាល់ច្រើនរហូតដល់៨៣ភាគរយឯណោះ ហើយក៏មានឱកាសស៊ុតចំគោលដៅច្រើនផងដែរ។ នៅនាទីទី៦០ កីឡាករ Wijnaldum រកបាន១គ្រាប់បន្ថែមទៀត ហើយមិនបានប៉ុន្មាននាទីទីផងខ្សែប្រយុទ្ធ Mané រកបាន១គ្រាប់បន្ថែមនៅនាទីទី៦៣ និងនៅនាទីទី៦៥ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah រកបាន១គ្រាប់ ធ្វើឲ្យចប់ការប្រកួតក្រុមហង្សក្រហម Liverpool យកឈ្នះក្រុម Aston Villa ក្នុងលទ្ធផល៤ទល់១។

ចំណែកក្រុមម្ចាស់ផ្ទះ Wolverhampton បានយកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល១ទល់០ ដែល១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Adama Traoré នៅនាទីទី៣៥ ហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត។

លទ្ធផលខាងលើនេះធ្វើឲ្យក្រុមហង្សក្រហម Liverpool និងក្រុម Wolverhampton បានកក់កៅអីទៅកាន់ជុំទី៤ បន្តទៀតក្នុងកម្មវិធី FA Cup រដូវកាល២០២០-២០២១។ សម្រាប់ការប្រកួតវគ្គជម្រុះជុំទី៣ គូផ្សេងៗទៀតត្រូវប្រកួតនៅថ្ងៃសៅរ៍នេះ និងថ្ងៃអាទិត្យ ដើម្បីស្វែងរកក្រុមដែលឡើងទៅវគ្គជម្រុះជុំទី៤បន្តទៀត ៕ដោយ៖ភារៈ


ចែករំលែក៖