ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ÷រឿងចៅល្ងង់សព្វជាតិ

ចែករំលែក៖

មាន​រឿង​មួយ​ដំណាល​ថា មាន​ចៅ​ម្នាក់​កើត​នៅ​ក្នុង​ត្រកូល​អ្នក​ធុន​ល្មម​មួយ​នៅ​ទី​ជនបទ ។ ចៅ​នោះ​ជា​ក្មេង​ល្ងង់​ហួស​ពេក​ណាស់ ខាង​ផ្នែក​បញ្ញា​ស្មារតី សូម្បី​តែ​អ្វី ៗ ដែល​សាមញ្ញ ងាយ​ស្រួល​បំផុត​ក្ដី ក៏​វា​មិន​អាច​កើត​ឃើញ ឬ​យល់​បាន​ដែរ ។ បើ​មាន​គេ​ប្រាប់​ពន្យល់​អ្វី​បន្តិច​បន្តួច ចៅ​នេះ​ចាប់​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ រួច​ភ្លេច​ទៅ​វិញ​ភ្លាម ។ ព្រោះ​ហេតុ​ដូច្នោះ​ហើយ ទើប​បាន​ជា​គេ​តែង​ហៅ​ចៅ​នោះ​ថា «អា​ល្ងង់​សព្វ​ជតិ» ។ លុះ​ចៅ​នោះ​មាន​វ័យ​វឌ្ឍនាការ​ធំ​ពេញ​រូប​រាង​កន្លង​បាន​យូរ​ទៅ​ហើយ​កាល​ណា​ក្ដី ក៏​គេ​គ្មាន​ឃើញ​អ្វី​ថា ជា​ការ​រីក​ចំរើន​ដុះ​ដាល​ខាង​ប្រាជ្ញា​សោះ ។ នៅ​ក្នុង​ដំណាក់​កាល​នោះ ចៅ​ល្ងង់​សព្វ​ជាតិ ស្រាប់​តែ​កើត​ចិត្ត​ប្រតិព័ទ្ធ​លើ​ស្រី ៗ រហូត​ដល់​សុំ​អោយ​ម្ដាយ​ឪពុក​ទៅ​ស្ដី​ដណ្ដឹង​កូន​គេ​អោយ ។ ដោយ​លុះ​ក្នុង​ក្ដី​អាណិត​អាសូរ​កូន ហើយ​មាន​គំនិត​ថា ទោះបី​ម្ដេចម្ដា ក៏​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ទៅ គេ​ត្រូវ​តែ​ទុក​ដាក់​កូន​ចៅ​អោយ​មាន​គូ​ស្រករ ទើប​ស្វាមី​ភរិយា​ទាំង​ពីរ​អង្គារ​សម្រេច​គ្នា​ថា ត្រូវ​តែ​ព្រម​ព្រៀង​តាម​បំណង​របស់​កូន ។

ក្រោយ​ពី​នោះ​មន្តិច​មក ម្ដាយ​ឪពុក​ចៅ​ល្ងង់​សព្វ​ជាតិ ក៏​ទៅ​មើល​កូន​គេ​ម្នាក់ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្រុក​ភូមិ​របស់​ខ្លួន​ទេ ។ ចៅ​នោះ​ក៏​ទៅ​ជា​មួយ​ផង​ដែរ ។ ការ​ចូល​ចែចូវ ក៏​ទៅ​ជា​ត្រូវ​រ៉ូវ​គ្នា​នា​ពេល​នោះ​តែ​ម្ដង ។ ទាំង​សង​ខាង​បាន​ព្រម​ព្រៀង​គ្នា​ថា ៣ ខែ​ទៀត នឹង​ភ្ជាប់​ពាក្យ ទាំង​លើក​ជំនូន​មក​ជា​មួយ​ផង ហើយ ៣ ខែ​ក្រោយ​មក​ទៀត នឹង​រៀប​ការ ។ កម្មវិធី​នោះ ត្រូវ​បាន​អនុវត្ត ដូច​បាន​គ្រោង​ទុក ។ ពិធី​រៀប​អាពាហ៍​ពិពាហ៍​បាន​ប្រព្រឹត្ត​ទៅ​អ់ ៣ ថ្ងៃ ៣ យប់ រួច​ហើយ កូន​ប្រុស​ក៏​នៅ​ផ្ទះ​ខាង​ស្រី ។

លុះ​ចូល​ខែ​ជា​គម្រប់​ទី ៣ បន្ទាប់​ពី​រៀបការ​មក ប្រពន្ធ​ចៅ​ល្ងង់​សព្វ​ជាតិ ក៏​ឆ្លង​ទន្លេ​បាន​កូន​មួយ ។ ចៅ​នោះ​សប្បាយ​ចិត្ត​ណាស់ ។ ចៅ​ខំ​ប្រឹង​ថែទាំ​បំរើ​ប្រពន្ធ​សព្វ​បែប​សព្វ​យ៉ាង រហូត​ដល់​ប្រពន្ធ​អាំង​ភ្លើង​រួច​រាល់​ស្រាច​បាច់​អស់ មិន​អោយ​មាន​ខ្វះ​ចន្លោះ​ត្រង់​ណា​បន្តិច​សោះ​ឡើយ ។

បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ចៅ​ល្ងង់​សព្វ​ជាតិ ជួន​ជា​ជួប​សម្លាញ់​គេ​ម្នាក់ ។ សម្លាញ់​នោះ ដែល​បាន​ដឹង​ថា​មិត្ត​របស់​គេ ទើប​តែ​រៀបការ​បាន​បី​ខែ​ហើយ​ស្រាប់​តែ​មាន​កូន​ដូច្នោះ ក៏​ពន្យល់​ថា :

«នែ៎ សម្លាញ់ ! អញ​អាណិត​ឯង​ណាស់ ។ អញ​សុំ​ប្រាប់​ឯង​អោយ​ត្រង់​ទៅ​ចុះ​ថា កូន​ហ្នឹង​មិនមែន​ជា​កូន​របស់​ឯង​ទេ ព្រោះ​ឯង​ទើប​តែ​ប្រសព្វ​គ្នា​បាន ៣ ខែ​ប៉ុណ្ណោះ ។ បើ​វា​ជា​កូន​របស់​ឯង​នោះ លុះត្រា​តែ​ឯង និង​ប្រពន្ធ​របស់​ឯង​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​យ៉ាង​តិច​ណាស់​ក៏ ៩ ខែ​ដែរ ។ អញ្ចឹង មាន​តែ​ប្រពន្ធ​ឯង​គេ​មាន​ប្រុស​មាន​សហាយ​មុន​គេ​រៀបការ​ជា​មួយ​ឯង» ។

កាល​បើ​បាន​ឮ​សម្លាញ់​របស់​ខ្លួន​និយាយ​យ៉ាង​នេះ​ហើយ ចៅ​ល្ងង់​សព្វ​ជាតិ ប្រឹង​សួរ​រឿង​នេះ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត ។ លុះ​ជឿ​ជាក់​ថា​ពិត​ជា​ដូច្នេះ​មែន ចៅ​នោះ​ក៏​អះអាង​ប្រាប់​សម្លាញ់​ថា :

«ចាំ​មើល​ទៅ​ផ្ទះ​វិញ អញ​រក​រឿង​ប្រពន្ធ​អញ​អោយ​ណា​ណី​ម្ដង ។ ច្បាស់​ជា​ពិត​អញ្ចឹង​មែន​ហើយ ។ ចាំ​មើល​ណា៎ ! អញ​នឹង​លែង​វា​ចោល» ។

បន្ទាប់​មក ចៅ​ល្ងង់​សព្វ​ជាតិ ក៏​ដើរ​រលាំង​រលះ​ទៅ​កាន់​ផ្ទះ​របស់​ខ្លួន​វិញ ។ ទៅ​ដល់​ហើយ ចៅ​មិន​បង្អង់​អោយ​យូរ​ឡើយ ក៏​ប្រញាប់​លើក​មូលហេតុ​ដែល​ថា​ទើប​នឹង​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​តែ ៣ ខែ មិន​ទាន់​បាន ៩ ខែ​ផង ស្រាប់​តែ​មាន​កូន​នោះ​មក​បង្ក​ជា​រឿង​អោយ​កើត​ជា​ជម្លោះ​នឹង​អាល​លែង​លះ​គ្នា ។ រី​ឯ​នាង​ភរិយា គេ​ជា​ស្រី​ឆ្លាត លុះ​ឮ​អ្នក​បាទ​ជា​ប្ដី​និយាយ​ត្រូវ​ចំណុច​ខ្សោយ​របស់​ខ្លួន ហេតុ​តែ​នាង​ស្គាល់​ចរិត​របស់​ប្ដី​ច្បាស់ នាង​ក៏​ប្រើ​កិរិយា​ម្ញ៉ិកម៉្ញក់​ប្រញាប់​និយាយ​ល្បួង​ប្ដី ទាំង​ប្រើ​ល្បិច​ផ្សំ​ផង​ថា :

«ឪ​វា​ឯង កុំ​អាល​ជឿ​គេ​អោយ​ហួស​ហេតុ​ណា៎ ។ មនុស្ស​យើង មិនមែន​សុទ្ធ​តែ​ល្អ​ជា​មួយ​យើង​ទាំងអស់​គ្នា​ទេ ។ មាន​មនុស្ស​ខ្លះ​និយាយ​ចាក់​រុក​អោយ​យើង​ឈ្លោះ​គ្នា អោយ​យើង​បែក​បាក់​គ្នា ។ មនុស្ស​ខ្លះ​ទៀត គេ​ចេះ​ជួយ​យក​អាសារ​យើង ចង់​អោយ​យើង​រស់​នៅ​ជួប​ជុំ​គ្នា​បាន​ល្អ គេ​នោះ​ទើប​ជា​មនុស្ស​ល្អ ។ យើង​ត្រូវ​សេពគប់​តែ​ជា​មួយ​មនុស្ស​ល្អ​ទើប​បាន​ល្អ ។ ចំណែក​ឯ​រឿង​ដែល​ឪ​វា​ឯង​លើក​ឡើង​ថា យើង​ភព​ប្រសព្វ​នៅ​ជា​មួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​មិន​ទាន់​បាន ៩ ខែ​នោះ វា​មិនមែន​ជា​ការ​ពិត​ទេ​ណា៎ ! ។ ឥឡូវ ឪ​វា​ឯង​ចាំ​មើល​ណា៎ ចាំ​ខ្ញុំ​រំឭក​ប្រាប់​ឡើង​វិញ តាំង​ពី​ដើម​មក ។ ឪ​វា​ឯង​មិន​មក​ដណ្ដឹង​ខ្ញុំ​បាន ៣ ខែ ទើប​លើក​ជំនូន ? ហ៍ ! រាប់​ម្រាម​ដៃ​ខ្ញុំ​អោយ​គ្រប់ ៣ មើល៍ ! «ចៅ​ល្ងង់​សព្វ​ជាតិ ក៏​នឹក​ឃើញ​ឡើង​វិញ​ថា​ពិត​ជា​អញ្ចឹង​មែន ។ ចៅ​ក៏​ចាប់​រាប់​ម្រាម​ដៃ​ប្រពន្ធ​ម្ដង​មួយ ៗ រហូត​ដល់​គ្រប់ ៣ រួច​ចំណាំ​ទុក ។ នាង​ប្រពន្ធ​ក៏​បន្ត​ទៅ​ទៀត​ថា “លុះ​លើក​ជំនូន​រួច​ហើយ​បាន ៣ ខែ​ទៀត ទើប​យើង​រៀប​ការ​មែន​ឬ​ទេ ? បើ​មែន ហ៍ ! រាប់​ម្រាម​ដៃ​ខ្ញុំ​ថែម ៣ ទៀត​មក”» ។ ចៅ​ល្ងង់​នឹក​ឃើញ​រឿង​នោះ​ថា​ពិត​ដូច្នោះ​មែន ក៏​រាប់​ម្រាម​ដៃ​ប្រពន្ធ​ថែម ៣ ទៀតរួច​កាន់​ជាប់​ទុក​ជា​ចំណាំ ។ ជា​ចុង​ក្រោយ​បង្អស់ នាង​ប្រពន្ធ​ក៏​ប្រាប់​ទៅ​ទៀត​ថា : «ក្រោយ​ពី​យើង​រៀបការ​មក​បាន ៣ ខែ​ថែម​ទៀត​ណា៎ ទើប​យើង​បាន​កូន ។ នេះ​រាប់​ម្រាម​ដៃ​ខ្ញុំ​ថែម ៣ ទៀត​មក» ។ ចៅ​ល្ងង់​យើង​ក៏​រាប់​ដូច​លើក​មុន ។ ពេល​នោះ នាង​ប្រពន្ធ​បាន​ឱកាស​ហើយ ក៏​និយាយ​ទៅ​កាន់​ប្ដី​ថា «ឥឡូវ​នេះ ឪ​វា​ឯង​រាប់​ម្រាម​ដៃ​ខ្ញុំ​ឡើង​វិញ​មើល តើ​ឃើញ​គ្រប់ ៩ ខែ ឬ​អត់​ទេ ?» ។

ចៅ​ល្ងង់​សព្វ​ជាតិ ក៏​រាប់​ម្រាម​ដៃ​ប្រពន្ធ​តាំង​ពី ១ រហូត​ដល់ ៩ ឃើញ​គ្រប់​ចំនួន​ជា​ប្រាកដ​មែន ទើប​ចៅ​នោះ​នឹក​ខឹង​នឹង​សម្លាញ់​ថា មិន​គួរ​អឺ​មក​និយាយ​ផ្ដេសផ្ដាស​លេង​អញ្ចឹង​សោះ ។ ចៅ​នោះ​មិន​ចង​ពៀរ​អ្វី​នឹង​សម្លាញ់​ទេ គ្រាន់​តែ​ទៅ​ស្ដី​បន្ទោស​អោយ​បន្តិច​បន្តួច ដោយ​ប្រការ​ផ្សេង​ៗ តែ​ប៉ុណ្ណោះ​។

ហេតុ​និង​ផល​ជា​គូ​គ្នា សំរាប់​ធីរា​ត្រួត​ពិនិត្យ បើ​ហេតុ​និង​ផល​សម​គ្នា​ពិត ជឿ​ចុះ​កុំ​ភិត​ភ័យ​ខ្លាច​ខុស ៕

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖