ភ្នំពេញ៖ បើសិនជាមានករណីដូចបុរសម្នាក់បានបង្ហោះសារ ជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាអតិថិជនថា, ហាងលក់ទូរស័ព្ទដៃ( គីម ហាប់ ) ថា «ចរចាតម្លៃមិនត្រូវ បែរជាចោទអតិថិជន ថា ចោរៗ» ទៅវិញ គឺជារឿងមួយគួរឲ្យប្រុងប្រយ័ត្នបំផុត ចំពោះអតិថិជន ដែលត្រូវទៅជាវទូរស័ព្ទដៃនៅហាងខាងលើនេះ។
សូមបញ្ជាក់ថា,មានគណនីហ្វេសប៊ុកមួយឈ្មោះ «Sothea Ou» បានបង្ហោះកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយបានបកអាក្រាត ហាងលក់ទូរស័ព្វដៃ គីម ហាប់ មានទីតាំងស្ថិតនៅផ្ទះលេខ៤២៨ មហាវិថីកម្ពុជាក្រោម ថា គ្រាន់តែរឿង «ចរចារតម្លៃមិនត្រូវ បែរជាចោទប្រកាន់លោក ថា ជា ចោរៗ» ទៅវិញ ។
សូមជម្រាបថា, គណនីហ្វេសប៊ុក( Sothea Ou)មួយនេះ បានសរសេរខ្លឹមសារទាំងស្រុង យ៉ាងដូច្នេះថា ៖
សូមប្រយ័ត្ន ! ហាងលក់ទូរស័ព្វដៃ គីម ហាប់ ផ្លូវកម្ពុជាក្រោម បានប្រើស្នៀត ស្ទើរតែគ្រោះថ្នាក់ ទន់ហន់ ដល់អតិថិជន ។ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ខ្ញុំបានជិះកង់ម្នាក់ឯង តាមបណ្តោយផ្លូវកម្ពុជាក្រោម ដើម្បីរកទិញទូរស័ព្ទ ហើយបានឈប់កង់ចូលទៅ ក្នុងហាងលក់ទូរស័ព្ទដៃ ទំនើប គីម ហាប់ (KIM HAB STORE ) ស្ថិតនៅ ផ្ទះលេខ ៤២៨ ផ្លូវ កម្ពុជាក្រោម ក្រុងភ្នំពេញ ក្នុងនោះមានបុរសម្នាក់ជាអ្នកលក់ ទូរស័ព្ទអាយុប្រហែល ៣០ ឆ្នំា មានមាឌស្តើង និងសហការីម្នាក់ អាយុប្រហែល២០ឆ្នាំ។
ដោយខ្ញុំ ធ្លាប់បានឃើញ នៅក្នុង Page របស់ហាងនេះ បង្ហាញថា មានលក់ទូរស័ព្ទដៃជាផលិតផលរបស់ប្រទេសជប៉ុន(មានប្រព័ន្ធការពារជំរាបទឹក) ខ្ញុំបាន សួររកទូរស័ព្ទនោះ អ្នកលក់ ក៏បានយកទូរស័ព្ទបួន-ប្រាំគ្រឿងមកអោយមើល។ ភ្លាមខ្ញុំ ក៏បានពិនិត្យទូរស័ព្ទទាំងនោះ រួចបានយកមួយគ្រឿង មកតេស្ត សំលេង ពិនិត្យមើលសំបក អេក្រង់ កាមេរ៉ា សេវា ។ បន្ទាប់មកក៏សុំតេស្ត ជំរាបទឹក អ្នកលក់ក៏យល់ព្រមហើយ ក៏បានប្រើសហការីរបស់ខ្លួនអោយចាក់ទឹកបន្តិច ចូលក្នុងប្រអប់ជ័រ រួចហុចមកអោយ ខ្ញុំក៏យកទូរស័ព្ទនោះ ដាក់ចូលក្នុងប្រអប់ជ័រ ផ្លុក ។ ភ្លាមនោះសហការី បានយកទូរស័ព្ទចេញពីប្រអប់ជ័រផ្លែតមក ជូត ខ្ញុំក៏ស្នើសុំ តេស្តជំរាបទឹករយៈពេល៥នាទី តែអ្នកលក់មិនអនុញ្ញាត ហើយក៏និយាយថា “ គ្រាន់តែរឿងទូរស័ព្ទប៉ុននឹងក៏ល្ងង់ដែរ” ខ្ញុំក៏ឆ្លើយវិញថា “ ខ្ញុំចង់ទិញទូរស័ព្ទដែលមានអាវគ្រោះការពារជំរាបទឹក ដូចដែល FaceBook Page របស់ហាងនេះ បានបង្ហាញ” ចំណែកឯអ្នកលក់ទូរស័ព្ទមិនឲ្យតេស្ត ហើយនៅតែបន្តនិយាយថា “ គ្រាន់តែរឿងទូរស័ព្ទប៉ុននឹងក៏ល្ងង់ដែរ” ខ្ញុំក៏ និយាយថា៖ “ខ្ញុំអត់ទិញទូរស័ព្ទនេះទេ” ។
ភ្លាមនោះ អ្នកលក់បាននិយាយថា៖ “បើមិនទិញគឺត្រូវបង់ថ្លៃសេវា” ខ្ញុំតបថា “ ខ្ញុំមិនបង់ព្រោះខ្ញុំ មិនបានប្រើសេវាអ្វីនៅទីនេះទេ!” ពេលនោះអ្នកលក់និយាយថា៖ “ បើមិនបង់ថ្លៃសេវា……សាកមើលទៅដឹងហើយ …ខ្ញុំនិងហៅគេមកដោះស្រាយ” ខ្ញុំបានតបថា៖ “ហៅមកអីញ្ចឹង……ហៅប៉ូលីសមកផង” អ្នកលក់ទូរស័ព្ទតប៖ “ខ្ញុំនឹងហៅប៉ូលីសមកឥលូវនេះ” ខ្ញុំតប៖ “ អូខេ ខ្ញុំរង់ចាំ” ពេលនោះខ្ញុំអង្គុយ រង់ចាំមួយសន្ទុះ ក៏មានអារម្មណ៍ស្រេកទឹកហើយបាននិយាយទៅកាន់អ្នកលក់ទូរស័ព្ទថា៖ “ខ្ញុំរង់ចាំ ៥នាទីទៀតបើគ្មានអ្នកណាមកដោះស្រាយទេ ខ្ញុំទៅហើយ” ពេលនោះអ្នកលក់ទូរស័ព្ទក៏និយាយថា៖ “កុំចង់ទៅណា…… ទៅណាមិនបានទេ……” ហើយក៏មកអង្គុយក្បែរខ្ញុំ ។
៥នាទីបានកន្លងផុតទៅ ខ្ញុំបាននិយាយថា៖ ” ខ្ញុំ ស្រេកទឹក ខ្ញុំទៅទិញទឹកផឹក” ពេលនោះ អ្នកលក់ទូរស័ព្វបានក្រោកមកឈរពាំងមុខខ្ញុំ ក្បែរទ្វារហាងហើយនិយាយថា ” កុំចង់គេចទៅណា…នៅទីនេះហើយ” ខ្ញុំក៏ក្រោកដើរហើយនិយាយថា ” ខ្ញុំមិនចង់គេចទៅណាទេ ខ្ញុំស្រេកទឹក ខ្ញុំទៅទិញទឹកផឹក បើមិនជឿដើរតាមមក” ពេលនោះអ្នកលក់ទូរស័ព្វក៏ស្ទុះទៅក្របួចកអាវខ្ញុំ ហើយរុញខ្ញុំបុកនឹងទ្វារ ធ្វើអោយខ្ញុំ ឈឺបន្តិចបន្តួច តែខ្ញុំមិនតដៃទេ ទោះដឹងថាខ្លួឯងមានកម្លាំង អាចចាប់លើកអ្នកលក់ទូរស័ព្ទបោះចោលក៏បានតែខ្ញុំមិនធ្វើព្រោះមិនចង់ប្រើហឹង្សា គ្រាន់តែព្យាយាមរើខ្លួន ចេញទៅក្រៅហាងដើម្បីទិញទឹកផឹក។ ពេលដែលកំពុងតែរើខ្លួនចេញពីទ្វារហាង អ្នកលក់ទូរស័ព្វ បានព្យាយាមមួលកអាវខ្ញុំហើយស្រែកយ៉ាងខ្លាំងៗថា “ចោរៗ……!!! …ចោរៗ……!!!…ចោរៗ………!!!” ពេលនោះ អ្នកធ្វើការនៅមុខហាង ហុងកុង បាញ់ថ្នាំម៉ូតូ ជាច្រើននាក់ ផ្អើល បានដាក់ការងារចុះហើយនាំគ្នាងាកមកមើលព្រោងព្រាត ចំណែកអ្នកធ្វើដំណើរតាមដងផ្លូវកម្ពុជាក្រោម ត្រង់ ចំណុចកើតហេតុ នោះបាននាំគ្នាឈប់ មានអ្នកខ្លះចុះពីលើម៉ូតូ ដោះមួកសុវត្ថិភាពពីក្បាល កាន់ណែនក្នុងដៃ ទំនងជាចង់វ៉ៃខ្ញុំហើយមនុស្សមួយចំនួនទៀតក៏មានឥរិយាបថចង់វ៉ៃដែរ ភ្លាមៗនោះ ខ្ញុំបានលើកដៃស្តាំ ចង្អុលម្រាមទាំងប្រាំសំដៅទៅអ្នកលក់ទូរស័ព្ទ ហើយស្រែកខ្លាំងៗថា “ បងប្អូន លឺហើយថា គាត់បានចោទខ្ញុំថាជា ចោរ……!!!…តើខ្ញុំជាចោរដូចដែលគាត់បានចោទដែរឬអត់……? ។
សូមបងប្អូនចាំបន្តិច ប៉ូលីសមកដល់ឥលូវហើយ” ខណៈនោះ មហាជនដែលកំពុងតែចោមរោមនៅឈរទ្រឹង ខ្ញុំក៏ដំណាលរឿងរ៉ាវក្នុងហាងប្រាប់មហាជនលឺៗ ស្រាប់តែអ្នកលក់ទូរស័ព្ទ ព្យាយាមទាញខ្ញុំចូលទៅក្នុងហាងវិញ តែខ្ញុំមិនទាន់ ចូលក្នុងហាងភ្លាមទេ ព្រោះខ្លាចផ្ទុះរឿងក្នុងហាង គេចោទបានតាមចិត្ត ពេលនោះស្រាប់តែមានបុរសម្នាក់ចេញពីហាងក្បែនោះមកដកយកទូរស័ព្ទពីហោប៉ៅខ្ញុំ២គ្រឿង ខណៈនោះខ្ញុំបានចាប់យកទូរស័ព្ទទាំង២នោះដាក់ក្នុងហោប៉ៅវិញ ហើយប្រាប់ទៅវិញថា៖ “ទូរស័ព្ទ ខ្ញុំតើ!” ហើយបុរសម្នាក់នោះបំរុងចាប់ខ្ញុំ មកឆែកឆេរ តែខ្ញុំក៏បាននិយាយថា “ពេលនេះមានតែប៉ូលីសទេដែលអាចប៉ះខ្លួនខ្ញុំបាន!” ឮដូច្នោះបុរសនោះក៏ដកខ្លួនចេញទៅវិញ ស្របពេលនោះដែរមានបុរសម្នាក់មាឌធំ អាយុប្រហែលជាជាង ៤០ឆ្នាំ ដុះក្បាលពោះបន្តិច និងប៉ូលីសម្នាក់ បានមកដល់។ ប៉ូលីស និងបុរសមាឌធំនោះបានហៅខ្ញុំចូលទៅដោះស្រាយគ្នាក្នុងហាងវិញ ខ្ញុំបានប្រាប់ថា “មានប៉ូលីសទៅជាមួយខ្ញុំ ទើបខ្ញុំព្រមចូលទៅក្នុងហាងដើម្បីដោះស្រាយគ្នាវិញ!” ពេលចូលដល់ក្នុងហាងបុរសមាឌធំបានអង្គុយលើកៅអី យ៉ាងនឹងធឹងសហការីម្នាក់នៅខាងក្នុងកំពុងតែស្ដាប់ អ្នកលក់ទូរស័ព្ទ និងខ្ញុំដំណាល់រឿងប្រាប់ប៉ូលីសម្ដងម្នាក់ ក្រោយពីស្ដាប់ចប់សេចក្តី ប៉ូលីសបាននាំអ្នកលក់ទូរស័ព្ទ ចូលទៅក្រោយ ហើយមួយសន្ទុះក្រោយមកអ្នកទាំងពីរបានត្រលប់មកវិញ ។
បន្ទាប់ប៉ូលីសបានហៅខ្ញុំទៅក្រោយម្ដង ដើម្បីបញ្ចុះបញ្ចូលក្នុងគោលបំណងសម្របសម្រួល ដើម្បីបញ្ចប់រឿង ខ្ញុំក៏បានយល់ព្រមតាមប៉ូលីសហើយដើរចេញមកក្រៅ ជាមួយប៉ូលីសវិញ និងសុំយកស៊ីមកាតរបស់ខ្លួនដែលបានដាក់តេស្តនៅក្នុង ទូរស័ព្ទដែលបំរុងនឹងទិញនោះ ហើយក៏លាប៉ូលីសដើរចេញក្រៅទៅ ។
ជាចុងក្រោយ គ្រាន់តែចង់ចែករំលែកបទពិសោធន៍អាក្រក់មួយនេះដល់បងប្អូនឲ្យបានដឹង និងមានការប្រុងប្រយ័ត្ន កុំឲ្យជួបដូចខ្ញុំ។
បើតាមការលើកឡើងរបស់យុវជនខាងលើ សំណេររបស់ខ្លួន សបញ្ជាក់ឲ្យឃើញថា, ម្ចាស់ហាងលក់ទូរសព្ទដៃយីហោ(គឹម ហាប់) ពិតជាមានកលល្បិចពន្យល់បំផុត មកលើអតិថិជន។ នេះជាមេរៀនមួយដែលត្រូវប្រុងប្រយ័ត្ន ចំពោះការធ្វើស៊ីរបស់ម្ចាស់ហាងលក់ទូរសព្ទ័ខាងលើ។ ខណៈបុរសដែលជាអតិថិជន អាចជាបុគ្គលមានភាពនឹងនរ ច្បាស់លាស់ យល់ខុសនិងត្រូវ យល់ពីទិដ្ឋភាពច្បាប់ ហ្នឹងមិនមានការតបតទៅលើជនដែលបំពានមកលើខ្លួន។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាព នគរដ្រេហ្គន មិនអាចធ្វើការទំនាក់ទំនងសង្កាត់បំភ្លឺបានទេពីម្ចាស់ហាងលក់ទូរស័ព្ទយីហោ(គឹម ហាប់) នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែផេកមួយ ដែលមានឈ្មោះថា( Kimhap PhoneSop ) បានសរសេរឆ្លើយតបយ៉ាងខ្លីថា,សេចក្តីរឿងលម្អិត ជូនដល់ជនដែលកំពុងបំពុល និងប្រឌិត រឿងបំភ្លៃការពិតដល់សារធារណៈជន។ រូបខាងក្រោមជាដំណើររឿងរួម និងសកម្មភាពទាំងអស់
ខាងហាងយើងខ្ញុំនឹងដាក់ពាក្យប្តឹងដល់បុគ្គលរូបនោះដែល យកឈ្មោះហាង របស់យើងខ្ញុំទៅបង្អួចលើបណ្តាញសង្គម។ ការពិត សខ្មៅ គឺច្បាប់ជាអ្នកដោះស្រាយ និងកាត់សេចក្តី។ បងប្អូនអាចចូលរួមជាមតិយោបល់បាន។ តែបងប្អូនមិនបាន នៅក្នុងស្ថានការណ៍នោះទេ។ ហាងយើងខ្ញុំហ៊ានដាក់ពាក្យ បណ្តឹងទៅតុលាការគឺប្រាកដជាក់ថាខ្លួនមិនបានចោទប្រកាន់ គេផ្តេសផ្តាស។ ពាក្យថា “ភ្ញៀវ ” និង “ជនបង្ករហេតុ ឬភាសា សាមញ្ញថា “អ្នករករឿង” មានអត្ថន័យផ្សេងគ្នា។ បុគ្គល ខាងក្រោមជាជនបង្កហេតុ មានចេតនាចង់រករឿង មិនមែន ចង់ទិញរបស់ប្រើទេ។
សូមអគុណដល់អតិថិជន និងសារធារណៈជនសម្រាប់ ការរាប់អាន និងគាំទ្រកន្លងមក។
ទោះបីជាមានការលើកឡើង ពីម្ចាស់ហាងលក់ទូរស័ព្ទខាងលើនេះក៏ដោយ ប៉ុន្តែក្តីព្រួយបារម្ភហ្នឹងខ្លាចរអា ពីអតិថិជន ចំពោះហាងលក់ទូរស័ព្ទដៃនេះ អាចនឹងដកខ្លួន មិនហ៊ានទៅជាវទេ បើលេងធ្វើស៊ីឆៅឆៅយ៉ាងនេះ។ ដូច្នេះមានតែសមត្ថកិច្ច ដែលបានទៅធ្វើការសម្របសម្រួលនៅកន្លែងកើតហេតុ ទើបអាចវាយតម្លៃបានពីស្ថានការណ៍នោះ តើអំពើប្រព្រឹត្តបង្កឡើងដោយម្ចាស់ហាង ឬក៏អតិថិជន,…? ៕
ដោយ៖ សុខ ខេមរា