ដោយខ្លាចនាទីចុងក្រោយមុនចាកចេញពីអំណាច លោកត្រាំប្រើប្រាស់គ្រាប់បែកបរមាណូវាយប្រហារទៅលើប្រទេសដែលជាគោលដៅវាយប្រហាររបស់លោក ក្នុងនោះមានប្រទេសអុីរ៉ង់ជាដើម។ កត្តាទាំងនោះហើយបានជាប្រធានរដ្ឋសភា លោក ស្រី Nancy Pelosi អំពាវនាវដល់ថ្នាក់ដឹកនាំក្នុងក្រសួងការពារជាតិរក្សាលោកត្រាំនៅឃ្លាតពីកុងតាក់បញ្ជាគ្រាប់បែកបរមាណូ។
ប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានលើកឡើងថា លោកស្រីបានស្នើដល់ប្រធានគណៈកម្មការទីបញ្ជាការកម្លាំងទាហានជើងគោកអាមេរិក ឧត្តមសេនីយ៍ Mark A. Milley រក្សាកុងតាក់បញ្ជាបរមាណូនៅឲ្យឆ្ងាយពីលោកត្រាំ។
លោកស្រីNancy Pelosi បានលើកឡើងថា«ស្ថានភាពស្មារតីរបស់ប្រធានាធិបតីមិនល្អឡើយ គឺជារឿងមួយដ៏គ្រោះថ្នាក់។ យើងចាំបាច់ត្រូវតែធ្វើគ្រប់យ៉ាងដើម្បីការពារប្រជាធិបតេយ្យនិងទប់ស្កាត់ការវាយប្រហារដោយបរមាណូ»។
តាមសារព័ត៌មាន Foreign Policy តាមផ្លូវច្បាប់ ប្រធានរដ្ឋសភា និងប្រធានគណៈកម្មការកងទ័ពជើងគោកគឺជាបុគ្គលមិនស្ថិតនៅក្នុងក្រុមមានសិទ្ធិវាយប្រហារដោយបរមាណូនោះឡើយ។ សិទ្ធិបញ្ជាវាយប្រហារបរមាណូ គឺស្ថិតនៅលើលោកត្រាំទាំងស្រុង។ ទាំងនោះគឺជាក្តីបារម្ភយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំអាមេរិក។
ប្រធានរដ្ឋសភាអាមេរិកបានខិតខំ ជួបជាមួយមន្ត្រីអាមេរិកដើម្បីស្វែងរកវិធិសាស្ត្រការពារកុងតាក់បញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូទៅលើប្រទេសអុីរ៉ង់។ ប្រសិនបើអាមេរិកស្ថិតនៅក្នុងសង្គ្រាមវាយប្រហារដោយបរមាណូ លោកត្រាំអាចនឹងបន្តកាន់អំណាចដើម្បីធ្វើសង្គ្រាម ។ ប្រធានរដ្ឋសភានិងមន្ត្រីអាមេរិកជាច្រើនបារម្ភខ្លាចលោកត្រាំបញ្ចេញកំហឹងទៅលើប្រទេសណាមួយមុនពេលលោកចាកចេញ។ នៅមុនពេលចូលកាន់តំណែងប្រធានាធិបតីអាមេរិក ឆ្នាំ២០១៧ លោកត្រាំ ធ្លាប់បានប្រកាសថា លោកនឹងក្លាយជាប្រធានាធិបតីដែលចុចកុងតាក់វាយប្រហារដោយបរមាណូ ៕ដោយ៖ធី រីណា