មិនមានការបញ្ជាក់ណាមួយថាអ្នកដំណើរណាម្នាក់មានឱកាសរស់រានមានជីវិតលើជើងហោះហើរដែលដឹកមនុស្សចំនួន៦២នាក់បានបាត់ខ្លួនពេលហោះចេញពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនោះទេ។ កាលពីថ្ងៃទី៩ ខែមករាយន្តហោះប្រភេទប៊ូអុីង៧៣៧ ដែលមានលេខហោះហើរ SJ១៨២ របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya បានចាកចេញពីទីក្រុងហ្សាការតាទៅកាន់ទីក្រុង Pontianak ក្នុងខេត្ត West Kalimantan ក៏បាត់នៅលើជើងហោះហើរ(ព្រហ្មលិខិត)មានអ្នកដំណើរ៥៦នាក់ ក្នុងនោះមានកុមារ៧នាក់ ទារក៣នាក់ អាកាសយានិក២នាក់ និងអ្នកបម្រើការលើយន្តហោះ៤នាក់។ នៅអាកាសយានដ្ឋានអន្តរជាតិ Supadio មានសាច់ញាតិអ្នកដំណើររងគ្រោះលើជើងហោះហើរខាងលើមកតាមដានព័ត៌មានដោយសង្ឃឹមថានឹងរកឃើញសាកសព ។ សាច់ញាតិស្រែកទ្រហោយំនៅអាកាសយានដ្ឋានដោយសារតែការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។
លោក Muhammad Haekal
ដែលមានបងជីដូនមួយឈ្មោះAthar Rizki Riawan និងសមាជិកក្នុងគ្រួសារ៤នាក់នៅលើជើងហោះហើរSJY182 សង្ឃឹមថានឹងរកឃើញសាច់ញាតិរបស់ខ្លួន បើទោះបីស្លាប់ឬរស់ក្តី។
លោក Muhammad Haekal និយាយទៅកាន់សារព័ត៌មានChannel News Asia ថា «ខ្ញុំសង្ឃឹមថានឹងរកឃើញសាកសពសាច់ញាតិរបស់ខ្ញុំយកមកធ្វើបុណ្យតាមប្រពៃណី ហើយបញ្ជុះដោយត្រឹមត្រូវ»៕
ដោយ៖ធី រីណា(រូបភាព៖AP+Reuters )