ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាជួញដូរគ្រឿងញៀនពីរនាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់បានម្នាក់រត់រួចម្នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ និងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តរតនគិរីចុះធ្វើការឃាត់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង ១០៖១៥នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះដល់ចំណុចការដ្ឋានទី៦ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ភាន ចិត្ត (ហៅដេត) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានទី៦ ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយនេះ។

ប្រភពបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធរហូតដល់វេលាម៉ោង១៦៖១០នាទីល្ងាច ថ្ងៃខែឆ្នាំដដែលនោះទើបមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនបានបង្ហាញខ្លួន ហើយភ្លាមៗនោះកម្លាំងក៏បានដេញតាមមុខសញ្ញាតែដោយសារភូមិសាស្រ្តស្មុគស្មាញពេកមុខសញ្ញាជនសង្ស័យចំនួន២នាក់បានបោះថ្នាំញៀនចោល និងផ្តួលម៉ូតូរត់គេចខ្លួនចូលក្នុងព្រៃសហគមន៍បាត់ម្នាក់ទៅឃាត់បានតែម្នាក់ប៉ុណ្ណោះ។

វត្ថុតាងចាប់រឹបអូសយកបានរួមមានម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់, ដាវចំនួន ៥ដើម, ទូរស័ព្ទដៃចំនួន២គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត។

 ក្រោយឃាត់ខ្លួនជនសង្ស័យបានហើយកម្លាំងជំនាញបានបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖