ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី​បង្កើនសកម្មភាពកំណត់អត្តសញ្ញាណជនរងគ្រោះករណីធ្លាក់យន្តហោះ

ចែករំលែក៖

គិតមកដល់ថ្ងៃត្រង់ថ្ងៃទី​១១ខែមករា ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី​បានរកឃើញសាកសពអ្នកដំណើរ១៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍​Sriwijaya Air កាលពីថ្ងៃទី​៩ខែមករាឆ្នាំ​២០២១។
សកម្មភាពស្វែងរកសាកសពជនរងគ្រោះ​បានខិតខំទាំងយប់ទាំងថ្ងៃឲ្យទាន់ពេលវេលា ។ ក្រុមអ្នកសង្គ្រោះឥណ្ឌូនេស៊ីបានឲ្យដឹងថា មកទល់ពេលនេះ ទើបតែរកឃើញ​សាកសព១៦នាក់ប៉ុណ្ណោះ ហើយនៅពេលនេះមិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ​។ ក្រុមជំនាញបានខិតខំ​កំណត់អត្តសញ្ញាណដើម្បីផ្តល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​។
ពេលនេះសាកសពត្រូវបានរក្សាទុកនៅមន្ទីរពេទ្យ Kramat Jati ភាគខាងកើតទីក្រុងចាការតា​ ដើម្បីត្រួតពិនិត្យ​ ADN កំណត់អត្តសញ្ញាណ។ ក្រុមជួយសង្គ្រោះក៏បានរកឃើញបំណែកយន្តហោះជាច្រើនផងដែរ​ ហើយបញ្ជូនទៅកាន់កំពង់ផែTangjung Priok ដើម្បីស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ ។
អ្នកនេសាទឥណ្ឌូនេស៊ី បានឲ្យដឹងថា គាត់បានឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង ក្នុងពេលយន្តហោះធ្លាក់ចូលសមុទ្រ ។ អាកាសយានិកបញ្ជាយន្តហោះដែលជួបគ្រោះថ្នាក់នោះ មានបទពិសោធន៍ ២៧ឆ្នាំក្នុងការបើកបរ​។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ៕

ដោយ៖ធី រីណា(រូបភាព៖Achmad lbrahim/AP)


ចែករំលែក៖