អន្តរជាតិ៖ បើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ស៊ួនហ្វុក នៅថ្ងៃទី១០ ខែមករាថ្មីៗនេះថា ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរវៀតណាម នឹងកំណត់ចំនួនជើងហោះហើរចូលក្នុងប្រទេសចាប់ពីពេលនេះទៅ រហូតដល់ក្រោយថ្ងៃបុណ្យចូលឆ្នាំនៅពាក់កណ្តាលខែកុម្ភៈ ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ករណីឆ្លងនិងនាំចូលពីបរទេស ក៏ប្រកាសកំណត់ជើងហោះហើរចូលប្រទេសចាប់ពីពេលដល់នេះដល់ក្រោយបុណ្យចូលឆ្នាំតែម្ដង។លោកនាយករដ្ឋមន្ត្រីវៀតណាម បន្តថា មានតែជើងហោះហើរដែលចាំបាច់ មួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងប្រទេសហើយត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ការបរទេស ការពារជាតិ និងសន្តិសុខសាធារណៈជាដើម។
ជាក់ស្តែងស្របគ្នាជាមួយនឹងការរីករាលដាលនៃកូវីដ-១៩ ថ្មីជុំវិញពិភពលោក ថ្ងៃឈប់សម្រាកដ៏សំខាន់ក៏ខិតជិតមកដល់ដែរនៅវៀតណាម។ប្រជាជនវៀតណាម នឹងអបអរពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួនពីថ្ងៃទី១០ ដល់ទី១៦ ខែកុម្ភៈ។ ពិធីនេះ អាចជារឿងឈឺក្បាលសម្រាប់វៀតណាមព្រោះប្រជាជននឹងជួបជុំគ្នាទូទាំងប្រទេស។
សូមជម្រាបថា វៀតណាម បានផ្អាកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាបណ្តោះអាសន្នតាំងពីចុងខែមិនាមកម្ល៉េះ។ ប៉ុន្តែរដ្ឋាភិបាលហាណូយ ក៏នៅតែបន្តបើកជើងហោះហើរ ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាជនវៀតណាមដែលជាប់នៅប្រទេសដទៃទៀត។ លើសពីនេះវៀតណាម ក៏ទទួលជើងហោះហើរពិសេសសម្រាប់ជនបរទេសនិងវិនិយោគិនផ្សេងៗ តែអ្នកទាំងអស់នោះត្រូវតែធ្វើចត្តាឡីស័ករយៈ ១៤ថ្ងៃ។
បច្ចុប្បន្នប្រទេសវៀតណាម មានករណីឆ្លងសរុប១៥១៣ករណី និងស្លាប់៣៥នាក់។ អស់រយៈពេល៣៨ថ្ងៃមកហើយ វៀតណាមមិនមានករណីឆ្លងក្នុងស្រុកឡើយ ក្រោយអាចគ្រប់គ្រងករណីឆ្លងដែលផ្ទុះនៅទីក្រុងដាណាងមកនោះ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៥ មករា ឆ្នាំ២០២១ អាជ្ញាធរវៀតណាម បានផ្អាកជើងហោះហើរបណ្តោះអាសន្នមកពីបណ្តាប្រទេសដែលឆ្លងវីរុសបង្កទៅជាកូវីដ-១៩ បំប្លែងខ្លួនថ្មីដូចជាចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងជាដើម។ អាស៊ាន បច្ចុប្បន្ន ទម្រង់ថ្មី ត្រូវបានរកឃើញនៅវៀតណាម ថៃ និងសិង្ហបុរីជាដើម៕ដោយ៖ស តារា