ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងមកថា រដ្ឋាភិបាលម៉ាឡេស៊ី បាន ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ថ្ងៃទី ១ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូឡាឡាំពួរ បានអោយដឹងថា, ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូន ដំណឹងដល់ប្រជាពលរដ្ឋ សិស្សនិស្សិត ពលករ – ពលការិនី ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការ នៅប្រទេសម៉ាឡេស៊ីជ្រាបថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ រដ្ឋាភិបាលម៉ាឡេស៊ីបាន “ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ” រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសដាក់រដ្ឋ និងទីក្រុងចំនួន៨ ឱ្យស្ថិតក្រោមវិធានការនៃ “ការរឹតបន្ដឹងការធ្វើដំណើរ” (Movement Control Order MCO) រួមមាន រដ្ឋ Selangor Penang I Melaka រដ្ឋ Johor រដ្ឋ Sabah ទីក្រុង Kuala Lumpur ទីក្រុង Labuan និងទីក្រុង Putrajaya សម្រាប់រយៈពេល២សប្តាហ៍ ដោយចាប់អនុវត្តពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សំដៅទប់ស្កាត់ស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩ ដែលអាត្រាឆ្លងកំពុងស្ថិតក្នុងកំរិតខ្ពស់គួរឱ្យព្រួយបារម្ម។ ការរឹតបន្ដឹងនេះ រួមមាន៖

បិទការធ្វើដំណើរចេញចូលពីតំបន់មួយទៅតំបន់មួយចាប់ពីម៉ោង ១២:០១ នាទីយប់ ថ្ងៃពុធ ទី១៣ ខែមករា តទៅ (លើកលែងតែមានលិខិតអនុញ្ញាត)។

អនុញ្ញាតឱ្យសមាជិកគ្រួសារត្រឹមតែ២នាក់អាចចេញទៅទិញម្ហូបអាហារ និងសម្ភារៈ ប្រើប្រាស់ចាំបាច់ តែមិនត្រូវធ្វើដំណើរលើសពី១០គីឡូម៉ែត្រជុំវិញកន្លែងស្នាក់នៅ។ 

• សកម្មភាពសង្គមទាំងអស់ត្រូវហាមឃាត់ ប៉ុន្តែអនុញ្ញាតឱ្យគណៈកម្មការវិហារឥស្លាម

ចូលធ្វើពិធីបានក្រោម៥នាក់ និងអនុញ្ញាតឱ្យចេញពីផ្ទះបន្ធូអារម្មណ៍ (ហាត់ប្រាណ)

ជាមួយសមាជិកគ្រួសារត្រឹម២នាក់ និងត្រូវទុកគម្លាតសុវត្ថិភាព២ម៉ែត្រពីគ្នា។ 

– វិស័យដែលអនុញ្ញាតឱ្យដំណើរការបានរួមមាន ការផ្គត់ផ្គង់ម្ហូបអាហារ និងភេសជ្ជៈ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ បរិក្ខាពេទ្យ សកម្មភាពពាណិជ្ជកម្មអន្តរជាតិបណ្តាញ ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការងារបន្ទាន់។

អាហារដ្ឋាន ភោជនីយដ្ឋាន ហាងបាយតូចៗ អាចអនុញ្ញាតឱ្យលក់ត្រឹមអាហារខ្ចប់ និងដឹកចេញជូនភ្ញៀវតែប៉ុណ្ណោះ។

ផ្សារ កន្លែងផ្តល់សេវាកម្មសុខភាព ឱសថស្ថាន និងធនាគារ អនុញ្ញាតឱ្យបើកដំណើរ ការតែត្រូវគោរពតាមនីតិវិធីប្រតិបត្តិស្តង់ដារ (Standard Operation Procedure SOPs) ឱ្យបានខ្ជាប់ខ្ជួន៕

សូមអាននូវខ្លឹមសារនៃសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោម ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖