ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា, ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត សូមឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារ ព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និង វិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចឆ្លងក្នុងសហគមន៍។ សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងសារលិខិត ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
សម្ដេចបន្តថា, ជាមួយគ្នានេះដែរ ក៏សូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាប និងបំផ្លាញ ចោលព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម និងពង្រឹងសមត្ថភាពខាងវិជ្ជាជីវៈ និងការប្រើប្រាស់ បច្ចេកវិទ្យាជំនាន់ថ្មី ព្រមទាំងចេះបន្សំខ្លួនក្នុងការរស់នៅ និងការបំពេញការងារតាមគន្លងថ្មី ដើម្បីការពារ និងទប់ស្កាត់ជំងឺរាតត្បាតផ្សេងទៀតដែលអាចកើតមាននៅពេលអនាគត៕
ដោយ៖សុខ ខេមរា