ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍កសិកម្មបណ្តុំកសិករនិងស្ថាប័នឯកជនទទួលឧបករណ៍ព្រោះស្រូវចំនួន៥០គ្រឿង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សហគមន៍កសិកម្មបណ្តុំកសិករនិងស្ថាប័នឯកជនបានទទួលឧបករណ៍ព្រោះស្រូវចំនួន៥០គ្រឿងពីមន្ទីរនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជាអំណោយរបស់សម្តេចតេជោ ។

លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឱ្យដឹងកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២១ម្សិលមិញ ថា៖ ម៉ាស៊ីនព្រោះស្រូវនេះជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគល់មកក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយក្រសួងបានបែងចែកមកមន្ទីរចំនួន៥០គ្រឿង សម្រាប់ផ្តល់ជូនដល់សហគមន៍កសិកម្ម បណ្តុំកសិករនិងស្ថាប័នឯកជនក្នុងខេត្ត។ម៉ាស៊ីននេះនឹងជួយដល់ការព្រោះដាំដុះស្រូវជាជួរស្មើសាច់និងមានដំណុះដើមស្រូវល្អ ហើយចំណេញលើចំណាយថ្លៃដើមទាំងលើការព្រោះស្រូវពូជនិងស្រូវចំណី ។

លោកប៉ាង វណ្ណសេដ្ឋ បានបន្តថា បំណងដែលក្រសួងក៏ដូចមន្ទីរជំរុញនិងជួយជ្រោមជ្រែងគឺចង់ឱ្យកសិករប្រើប្រាស់និងពង្រឹងពូជស្រូវល្អទើបធានាទទួលបានផលល្អច្រើននិងមានគុណភាព ។ក្នុងនោះស្នើឱ្យសហគមន៍កសិករផលិតស្រូវពូជផ្សេង ឯកសិករធ្វើស្រូវចំណី ចាំតែទិញពូជតែម្តង ទើបល្អជាង ការផលិតពូជផងនិងធ្វើស្រូវចំណីផង ។ ដូចជាក្នុងខេត្តមានសហគមន៍ផលិតពូជស្រូវនៅភូមិសំរោងលិច ឃុំសំរោង ស្រុកអូរជ្រៅជាដើម ។​ក្នុងនោះ ត្រូវទៅទិញពូជគ្រឹះពីវិទ្យាស្ថានពូជស្រូវខាឌី (CARDI) មកផលិតស្រូវពូជទើបសុទ្ធល្អ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថារាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំបានគិតគូរ យកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិស័យកសិកម្មនិងកសិករ ។ក្នុងនោះមានអនុវិស័យផលិតកម្មស្រូវ ដែលសម្រាប់ផ្គត់ផ្គង់ការហូបចុកផងនិងបម្រើដល់ការនាំចេញផងដែរ ។

លោកអភិបាលខេត្តបានបន្តទៀតថា  ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យយើងនេះ មានសក្តានុពលនិងវិសាលភាពធំទូលាយខាងវិស័យកសិកម្មតាំងពីដំណាំស្រូវ បន្លែ  ដំឡូងមី ពោត សណ្តែកសៀង ការចិញ្ចឹមត្រី  ការចិញ្ចឹមសត្វជាម្ហូបអាហារ ។ក្នុងនាមរដ្ឋបាលខេត្ត លោកបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ក៏ដូចក្រសួងកសិកម្មដែលបានផ្តល់ម៉ាស៊ីនព្រោះស្រូវនេះ   ហើយសង្ឃឹមថា សហគមន៍កសិកម្ម បណ្តុំកសិករនិងស្ថាប័នឯកជនដែលជាអ្នកទទួលផលពីអំណោយនេះយកទៅប្រើប្រាស់ឱ្យចំគោលដៅនិងមានប្រយោជន៍ដល់ជីវភាពគ្រួសារប្រជាកសិករនិងសេដ្ឋកិច្ចជាតិ ។

សូមបញ្ជាក់ថា រដូវវស្សាឆ្នាំ២០១៩-២០២០កន្លងមក កសិករក្នុងខេត្តធ្វើស្រូវវស្សាបានជិត២៦ម៉ឺនហិកតាឬជាង១១៦ភាគរយនៃផែនការ ។ឯស្រូវប្រាំងចុងរដូវវស្សាវិញ លើផែនការ២២.០០០ហិកតា  មកទល់ពេលនេះកសិករធ្វើលើកទី១ បានជាង១៥.០០០ហិកតាហើយ ៕ដោយ៖វណ្ណា


ចែករំលែក៖