ភ្នំពេញ៖ ដេីម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង៥និង០០នាទីទៀបភ្លឺ សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភក្ត័ អភិបាលរងខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យរថយន្តដឹកអ្នកដំណើរចូលរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ១ កែងផ្លូវបត់ចូលរោងចក្រថៃហ្គរ័ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ។
យុទ្ធនាការចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នេះបានធ្វើឡើងទាំងថ្ងៃទាំងយប់នៅតាមគោលដៅដែល បានកំណត់ ដូចជាកំណាត់ផ្លូវថៃហ្គ័រ ផ្លូវ លេខ៣៦៩ ផ្លូវព្រែកបារាំង ជាពិសេសផ្លូវជាតិលេខ១ ។ យុទ្ធនាការនេះធ្វើ
ឡើងតាមការណែនាំរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានគណៈ បញ្ជាការឯកភាពខណ្ឌច្បារអំពៅ ។
ជាក់ស្តែងនៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោកហ៊ត គឹមនី អភិបាលរងខណ្ឌ និងលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍លើផ្លូវជាតិលេខ១ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ៦៣នាក់ រួមមានកម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាលខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ ។
ជាលទ្ធផលកម្លាំងចម្រុះត្រួតពិនិត្យ រថយន្តបានចំនួនសរុប១៦គ្រឿង,ម៉ូតូសរុបចំនួន ១១២គ្រឿង អ្នកជិះម៉ូតូគ្មានមួក និងកញ្ចក់ចំនួន១៩គ្រឿង,អាវុធឆ្លងកាត់គ្មាន។
ដោយឡែកនៅព្រឹកនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង៥ ទៀបភ្លឺ លោក រស់ សុភក្ត័ អភិបាលរង ខណ្ឌបានដឹកនាំសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បន្តយុទ្ធនាការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរលើផ្លូវជាតិលេខ១ ដោយធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកអ្នកដំណើរចូលរាជធានីភ្នំពេញ រថយន្តដឹកទំនិញសំពីងសំពោង ព្រមទាំងធ្វើការណែនាំឱ្យអ្នកបើកបររថយន្តតាក់ស៉ី កុំផ្ទុកមនុស្សលើសចំណុះ កុំដឹកទំនិញសំពីងសំពោង កុំបើកបរហួសល្បើនកំណត់ កុំបើកបរបំពានគន្លងផ្លូវធ្វើចរាចរណ៍ ព្រោះថាសុវត្ថិភាពអ្នកដំណើរនៅលើរថយន្តពឹងផ្អែកទៅលើអ្នកបើកបរ ៕
ដោយ៖សណ្តោស