ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងអគារខុនដូយីហោ LH RESIDENCE សូមមានការប្រុងប្រយ័ត្នចំពោះភាពអសន្តិសុខ ពីព្រោះមានករណីជនមិនស្គាល់មិនធ្វេីសកម្មភាពសម្លាប់ជនជាតិចិនប្រុសស្រី២នាក់ នៅក្នុងបន្ទប់ខុនដូយ៉ាងសម្ងាត់។ ខណៈជនសង្ស័យរត់គេចខ្លួនបាត់ដោយសុវត្ថិភាព គ្មានសន្តិសុខណាដឹងលឺនោះទេ។
សូមជម្រាបថា ករណីឃាតកម្មខាងលេីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យជាក់ស្តែងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងខុនដូ យីហោ LH RESIDENCE បន្ទប់លេខ A1003 ជាន់ទី១០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩ ភូមិ៥សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា សពជនរងគ្រោះប្រុសស្រី២នាក់នេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេគ្រាន់តែថាដឹងថា ជាជនជាតិចិនស្នាក់នៅក្នុងបន្ទប់កើតហេតុជាមួយគ្នា ក្នុងនោះស្ត្រីរងគ្រោះមានអាយុ២៣ឆ្នាំ ចំណែកបុរសរងគ្រោះមានអាយុ៣៨ឆ្នាំ ។ដោយឡែកបន្ទប់ជនសង្ស័យដែលជាឃាតករស្នាក់នៅបន្ទប់លេខ A901 ជាន់ទី៩ នៃអាគារខុនដូរជាមួយគ្នា ។
មន្រ្តីដដែលបន្តថា នៅមុនពេលកេីតហេតុកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះទាំង២នាក់ បានមកស្នាក់នៅខុនដូខាងលើ លុះរហូតដល់ថ្ងៃទី១៣ ខែមករា(ថ្ងៃកើតហេតុ) បុរសម្នាក់ ដែលដែលជាអ្នកបើកបររថយន្តឲ្យជនរងគ្រោះមិនឃើញជនរងគ្រោះចុះមកក្រោមដូចសព្វដង។ដោយមានការសង្ស័យ លុះដល់ម៉ោងកើតហេតុ បុរសជាអ្នកបើកបររថយន្តបានឡើងទៅបន្ទប់របស់ជនរងគ្រោះ តែឃើញបន្ទប់ចាក់សោក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះទៅជួយបើកទ្វារបន្ទប់ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ។
ប្រភពខាងលើ បន្តទៀតថា លុះសមត្ថកិច្ចចុះទៅដល់បានសហការជាមួយអ្នកមើលការខុសត្រូវខុនដូរ និងបានធ្វើការចាក់សោទ្វារចូលទៅក្នុងបន្ទប់ដើម្បីរកមើល ស្រស្រាប់តែឃើញបុរសរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ទឹកដោយមានស្នាមរឹត.ក ចំណែកស្ត្រីរងគ្រោះបានដេកស្លាប់នៅលើគ្រែពូកដោយមានខ្សែចងជើង និងស្នាមរឹត.កដូចគ្នា ។
នគរបាលខណ្ឌចំការមន បន្ថែមទៀតថា ករណីខាងលើនេះ ជនសង្ស័យដែលជាឃាត.ករ ជាអ្នកស្នាក់នៅក្នុងខុនដូជាមួយគ្នា ដោយយោងតាមកាមេរ៉ាសុវត្ថិភាព។ ប៉ុន្តែអ្វីដែលសមត្ថកិច្ចពិបាកក្នុងការតាមស្រាវជ្រាវរកជនសង្ស័យដែលគេចខ្លួនបាត់នោះ គឺម្ចាស់ខុនដូមិនបានដកប៉ាស្ព័ររបស់ជនសង្ស័យទុកនោះទេ ចំណែកប៉ាស្ព័ររបស់ជនរងគ្រោះទាំង២នាក់មានត្រឹមត្រូវ ។ តាមការណែនាំរបស់អាជ្ញាធរបានឱ្យម្ចាស់ទីតាំងត្រូវតែដកប៉ាស្ព័ររបស់ជនបរទេសដែលចូលមកស្នាក់នៅ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ មន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះថា បន្ទាប់ពីសមត្ថកិច្ចខាងកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ បានពិនិត្យសពនៅកន្លែងកើតហេតុថា ពិតជាករណីឃាតកម្ម ប្រាកដមែន។ ចំណែកឯជនសង្ស័យត្រូវសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ និងនគរបាលរាជធានីភ្នំពេញកំពុងស្វែងរកតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ ខណៈជនសង្ស័យកំពុងព្យាយាមរត់គេចខ្លួនទៅតាមខេត្ត។
ដោយឡែកលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក៏បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែមករានេះថា ចំពោះទីតាំងខុនដូខាងលេីនេះ យេីងមិនទាន់មានផែនការបិទនោះទេ ព្រោះខាងកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវយ៉ាងដុតដៃដុតជេីង ដេីម្បីស្វែងរកវត្ថុតាងបន្ថែមទៀត។
បច្ចុប្បន្ន សពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច័យ រួចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ៕ដោយ៖ជីណា