អន្តរជាតិ៖ បើតាមការអះអាងពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី១៣ ខែមករា បានប្រកាសដាក់ខេត្តចំនួន ៧ បន្ថែមទៀត ក្នុងស្ថានភាពអាសន្ន ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ការរាតត្បាតរបស់កូវីដ-១៩ នៅក្នុងប្រទេស។ ខណៈមកទល់ពេលនេះ ប្រទេសជប៉ុន បានដាក់ខេត្តចំនួន ១១ ក្នុងស្ថានភាពអាសន្នហើយ។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែមករា ម្សិលមិញនេះលោក ស៊ូហ្កា យូស៊ីហ៊ីដេ ប្រមុខរដ្ឋាភិបាលជប៉ុន បានលើកឡើងថា៖ «វាមិនអាចប្រកែកបានឡើយថា កូវីដ-១៩ បានឆ្លងទៅយុវជន ហើយអ្នកទាំងនោះ បានយកជំងឺ ទៅចម្លងជនងាយរងគ្រោះដោយមិនដឹងខ្លួន»។ហើយដើម្បីបង្ការករណីឆ្លងកូវីដ-១៩ ដែលកំពុងហក់ឡើងខ្លាំងនៅក្នុងប្រទេស រដ្ឋាភិបាលជប៉ុន បានសម្រេចដាក់ខេត្តចំនួន ៧បន្ថែមទៀតទៅក្នុងស្ថានភាពអាសន្ន។ចំណាត់ការនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី១៤ ខែមករា រហូតដល់ថ្ងៃ៧ ខែកុម្ភៈ ខាងមុខ។
លោក ស៊ូហ្កា បន្ថែមថា ការដាក់តំបន់ក្នុងស្ថានភាពអាសន្ន ប្រហែលជាវិធានការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជន ប៉ុន្តែក៏ជាវិធានការដ៏សំខាន់ក្នុងការទប់ស្កាត់កូវីដ-១៩ ដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានThe Japan Times។
ខេត្តទាំង៧ដែលជប៉ុន ដាក់ក្នុងស្ថានភាពអាសន្នលើកនេះ មានដូចជា Osaka, Kyoto, Hyogo, Aichi, Gifu, Tochigi និង Fukuoka ។មកទល់ពេលនេះ ជប៉ុន បានដាក់ខេត្តចំនួន ១១ ហើយ ក្នុងចំណោមខេត្តក្រុងចំនួន៤៧ របស់ខ្លួន។
សម្រាប់ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ជប៉ុន នៅតែមានអត្រាឆ្លងកម្រិតខ្ពស់។ក្នុងថ្ងៃទី១៣ ខែមករា អាជ្ញាធរសុខាភិបាលជប៉ុន បានអះអាងថាជប៉ុនមានករណីឆ្លងចំនួន ៥១០៣ករណី និងអ្នកស្លាប់មានចំនួន ៥១នាក់ទៀត។តួលេខសរុប ជប៉ុនបានរកឃើញកូវីដ-១៩ ចំនួន ២៩៧៣១៥ករណី និងអ្នកស្លាប់មានចំនួន ៤១៤៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន២២៩០៧៣នាក់។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានប្រកាសហាមឃាត់អ្នកជំនួញ មកពី ១១ ប្រទេស មិនឲ្យចូលមកក្នុងជប៉ុនផងដែរ។ ព្រោះកន្លងមក រដ្ឋាភិបាលជប៉ុន បានចេញបម្រាមមិនឲ្យអ្នកដំណើរបរទេស ដែលមិនរស់នៅជប៉ុន ចូលមកក្នុងប្រទេស។
គួរបញ្ជាក់ថា ការសម្រេចដាក់តំបន់មួយចំនួនក្នុងស្ថានភាពអាសន្ននេះ ក៏ដើម្បីជួយសង្គ្រោះប្រព័ន្ធសុខាភិបាល ក៏ដូចជាមន្ទីរពេទ្យ ដែលកំពុងមានអ្នកជំងឺសម្រាកព្យាបាលជាច្រើននាក់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល បានបង្កើនកន្លែងធ្វើតេស្តកូវីដ-១៩ ហើយយកសណ្ឋាគារ ក៏ដូចជាមន្ទីរពេទ្យផ្សេងទៀតទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ។ ខណៈមន្ទីរពេទ្យមួយចំនួន ក្នុងខេត្តនិងក្រុងស្ថិតក្រោមស្ថានភាពអាសន្ន បានផ្ទុកអ្នកជំងឺកូវីដ-១៩ ចំនួន៧០ភាគរយទៅហើយ៕ដោយ៖ស តារា
(រូបភាព៖AFP)