ខេត្តបាត់ដំបង៖ អំណោយជាស៊ីម៉ង់ត៍ចំនួន ៥០តោន, ដែកសរសៃចំនួន ១០តោន, ស័ង្កសីចំនួន ១,០០០សន្លឹក និងសូឡា ១៥០ អំពែចំនួន ៤០គឿង របស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រគល់ជូនដល់កងពលតូចថ្មើរជើងលេខ៥៣ ចំណុះឱ្យយោធភូមិភាគទី ៥ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ម្សិលមុិញ។
ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានមានប្រសាសន៍ថា សម្ភារសំណង់ទាំងនេះ ពិតជាបានបង្កលក្ខណៈងាយស្រួល, បំពេញដល់ការខ្វះខាតចាំបាច់, និងឆ្លើយតបដល់ការងារកសាង និងអភិវឌ្ឍន៍របស់អង្គភាពប្រាកដមែន។
លោកបន្ថែមទៀតថា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ និងគិតគូរដល់កិច្ចការងាររបស់កងទ័ពជាទូទៅ ក៏ដូចជាដល់ការកសាង និងការអភិវឌ្ឍរបស់បណ្តាអង្គភាពនានាចំណុះកងទ័ពជើងគោក។
នាឱកាសនោះដែរ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥៣ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាង និងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់អង្គភាព ព្រមទាំងបានសន្យាថា នឹងខិតខំថែរក្សាសម្ភារទាំងនេះឱ្យបានល្អ និងប្រើប្រាស់បម្រើដល់កិច្ចការងារអង្គភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕
ដោយ៖សិលា