ភ្នំពេញ ៖ រថយន្តហាយឡេនឌ័រមួយគ្រឿងបេីកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ត Toyota Prius បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងដែរដែលគ្មានអ្នករងរបួស ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនកេីតហេតុ គេឃេីញរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-3608 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក Toyota ហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-5565 ដែលបើកតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនល្មមដូចគ្នា ត្រូវរថយន្តToyota Prius បុកពីចំហៀងរថយន្តហាយឡេនឌ័រពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡេនឌ័រខ្ទាតទៅបុកបង្គោលភ្លេីងមួយដេីមបាក់រាបដល់ដីខូចខាតជាខ្លាំង ។ ចំណែករថយន្តម៉ាកToyota Prius មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោលបង្ហាញផ្លូវបាក់អស់មួយដេីមទៀតដែរបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំដូចគ្នា តែក៏សំណាងដែរដែលគ្មានអ្នករបួស ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញចរាចរណ៍ខណ្ឌ៧មករា បានសហការគ្នាចុះមកធ្វេីការវាស់វែងនិងប្រគល់រថយន្តទាំង២គ្រឿងនេះទៅឱ្យកម្លាំងជំនាញចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បារប់ ៕ ដោយ៖ ភារ៉ា ដង្កោ