ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ឆ្នាំសិក្សា២០២១

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្ដីពី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ឆ្នាំសិក្សា២០២១។
ក្នុងនោះដោយបញ្ជាក់ថា, ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់លើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជនក្នុងយុគសម័យ ឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍១០០% ឈ្មោះថា “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship” ចំនួន ១០០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ (១) ទូរគមនាគមន៍និងបណ្តាញ (Telecoms & Network) (២) វិទ្យាសាស្រ្តកុំព្យូទ័រ(Computer Science) និង (៣) ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

បេក្ខជនជ័យលាភីម្នាក់ៗនឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃសរុបប្រមាណ ១៧.០០០ ដុល្លារ សម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ ក្នុងនោះរួមមានប្រាក់ឧបត្ថម្ភ ១២០ដុល្លារក្នុងមួយខែ និងកុំព្យូទ័រចំនួនមួយគ្រឿង។ និស្សិតដែលរៀនចប់នឹងមានឱកាសចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

បេក្ខជនដែលមានបំណងស្នើសុំអាហារូបករណ៍នេះ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ វិទ្យាសាស្រ្ត) និងជាសិស្សឆ្នើម (សិស្សមានជីវភាពក្រីក្រ និងសិស្សនារីត្រូវបានលើកទឹកចិត្ត)។ បេក្ខជនទាំងអស់នឹង ត្រូវឆ្លងកាំត់ការប្រឡងដែលរៀបចំឡើងតាមប្រព័ន្ធកុំព្យូទ័រលើវិញ្ញាសាគណិតវិទ្យា តក្កវិជ្ជា រូបវិទ្យា និងភាសាអង់គ្លេស។

បេក្ខជនដែលមានបំណងស្នើសុំអាហារូបករណ៍ខាងលើនេះ សូម ចុះឈ្មោះប្រឡងប្រជែងតាមរយៈគេហទំព័រ www.niptict.edu.kh/apply ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ សម្រាប់ព័ត៌មាន លម្អិតសូមទាក់ទងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមរយៈទូរសព្ទលេខ ០១០ ៣៤០ ០០០ ឬអឺមែល info@niptict.edu.kh ឬគេហទំព័រ www.niptict.edu.kh ។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា, ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែង អាហារូបករណ៍ទេពកោសល្យ ឌីជីថលតេជោ” និងខិតខំប្រឹងប្រែងរៀនសូត្រី អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅ សម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖