ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពី ការលុបបំបាត់ការ
បង្កសម្លេងរំខានលេីសកម្រិតដោយយានយន្តគ្រប់ប្រភេទ។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ហេីយក៏មានការចូលរួមមតិយោបល់ អំពីការអនុវត្តជាក់ស្តែង បញ្ហាប្រឈមនានា របស់លោក លោកស្រីស្នងការរង លោកអធិការ ក្នុងការអនុវត្តការងារលេីការចាប់ឃាត់ យានយន្តកែច្នៃសុីមាំង ដែលតែងតែបង្កសម្លេងរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋផងដែរ ។
ជាកិច្ចបន្ទាប់លោកស្នងការ ក៏បានផ្តល់មតិណែនាំល្អៗជាច្រេីនដល់អង្គប្រជុំ ដេីម្បីយកទៅអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវ មិនត្រូវអនុវត្តលេីសពីការណែនាំឡេីយ ។ ម្យ៉ាងវិញទៀតចំពោះអ្នកប្រេីប្រាស់យានយន្តកែច្នៃសុីមាំង នឹងត្រូវធ្វេីការណែនាំអប់រំ ធ្វេីការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចរយ:ពេល ៣ថ្ងៃ ។
បន្ថែមលេីនេះទៀត លោកស្នងការ បានបញ្ជាដល់អធិការខណ្ឌទាំងអស់ ត្រូវតែចុះធ្វេីការណែនាំអប់រំដល់គ្រប់ទីតាំងជួសជុល និងកែច្នៃយានយន្ត ត្រូវចូលរួមសហការ ដោយមិនត្រូវតែកែច្នៃសុីមាំង ណាដែលបង្កសម្លេងរំខានខ្លាំង ដល់ការសម្រាករបស់ប្រជាពលរដ្ឋឡេីយ ។ ជាកិច្ចបញ្ចប់លោកស្នងការបានណែនាំឲ្យគ្រប់អធិការខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការសហការគ្នា បញ្ជាកម្លាំងដេីម្បីចេញជួយសម្រួលចរាចរណ៍តាមគ្រប់គោលដៅដែលតែងតែកកស្ទះ ជាពិសេសត្រូវមានកម្លាំងចរាចរណ៍ចល័តដេីម្បីចុះជួយតាមគ្រប់គោលដៅក្នុងការដោះស្រាយឲ្យបានធូរស្រាលលេីបញ្ហាកកស្ទះ ។
សូមបញ្ជាក់ថាការអនុវត្តការណែនាំអប់រំ និងឃាត់ដេីម្បីធ្វេីការផាកពិន័យ ចំពោះយានយន្តដែលកែច្នៃបង្កសម្លេងរំខាន នេះ សមត្ថកិច្ចនឹងធ្វេីការសហការជាមួយក្រសួងបរិស្ថាន ដេីម្បីប្រេីប្រាស់ម៉ាសុីនក្នុងការវាស់កម្រិតសម្លេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ ៕ដោយ៖ស តារា