ព័ត៌មានទាន់ហេតុការណ៍៖

Theo Hernandez និង Calhanoglu តេស្តវិជ្ជមានជំងឺ COVID-១៩

ចែករំលែក៖

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា កីឡាករ AC Milan ចំនួន២នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ អំឡុងពេលការធ្វើតេស្តកាលពីចុងសប្តាហ៍មុន ហើយពេលនេះពួកគេទាំង២បាននៅដាច់ដោយឡែកពីគេ និងខកខានការបង្ហាញខ្លួនសម្រាប់ការប្រកួតកាលពីយប់មិញផងដែរ ពេលដែល AC Mailan ប៉ះក្រុម Cagliari ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានបញ្ជាក់ថា កីឡាករទាំង២នាក់នេះជាកីឡាករបម្រុងគឺកីឡាករសញ្ជាតិបារាំង Theo Hernandez និងខ្សែបម្រើសញ្ជាតិទួរគី Hakan Calhanoglu ។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លិប AC Milan បានឲ្យដឹងថា “AC Milan បានប្រកាសថា Hakan Çalhanolu និង Theo Hernandez បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទដល់ក្រុមទាំងមូល។
ក្លិបបានជូនដំណឹងទៅអាជ្ញាធរសុខាភិបាលជាបន្ទាន់ ដោយកីឡាករទាំង២រូបខាងលើ នៅតែស្ថិតក្នុងការតាមដាន និងដាក់ឲ្យនៅដាច់ដោយឡែកក្នុងផ្ទះរបស់គាត់។ ចំណែកសមាជិកក្រុមទាំងអស់នឹងបន្តតាមដានយ៉ាងដិតដល់ទៅតាមពិធីសារសហព័ន្ធបាល់ទាត់អ៊ីតាលី។

សូមបញ្ជាក់ថា ក្រុម AC Milan កំពុងឈរកំពូលតារាង Serie A មាន៣ពិន្ទុនាំមុខក្រុមលេខ២ Inter Milan ក្រោយពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ Cagliari ក្នុងលទ្ធផល ២ទល់០ កាលពីថ្ងៃចន្ទសម្រាប់ការប្រកួតសប្តាហ៍ទី១៨ ៕

ដោយ៖ ភារៈ


ចែករំលែក៖