ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវមួយចំនួនដែលរងការខូចនិងមានសំបុកមាន់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញចុះជួសជុលឱ្យល្អឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបន្តជួសជុលវិថីតូចធំមួយចំនួនក្នុងមូលដ្ឋានទាំង១៤ខណ្ឌដែលរងការខូចខាតដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងពិបាកក្នុងការធ្វើដំណើរ។ដូច្នេះទើបរដ្ឋបាលរាជធានីភ្នំពេញបានដំណើរការអ៊ុតកៅស៊ូប្រភេទAC ផ្លូវចំនួន៨ខ្សែក្នុងចំណោម១៦ខ្សែ ដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រើប្រាស់កញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួសជុលឲ្យបានល្អប្រសើរ។

ជាក់ស្ដែងនៅវេលាម៉ោង១០ព្រឹក ថ្ងៃអង្គារ ៦ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមន្ត្រីជំនាញបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីម៉ែត្រចំនួន៧ខ្សែ ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភណភាពទីក្រុងផងដែរ។

ជាចុងក្រោយ អាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ចូលរួមសហការជាមួយអាជ្ញាធរ កុំបានផ្លូវធំទូលាយដាក់តាំងលក់លើចិញ្ចើមផ្លូវលើសពី១ភាគ៣បន្តទៀត ។ បន្ថែមទៀតនោះ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការខណ្ឌ-សង្កាត់ សូមថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះលោក ឃួង ស្រេង អភិបាល នៃគណៈៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ៕ ដោយ៖រ៉ារ៉ា


ចែករំលែក៖