ខេត្តបាត់ដំបង ៖ រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញ ចូលរួមពិធីបិទ “វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល” ជំនាន់ទី១៤ លើកទី២ ដល់សិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង ។
លោករដ្ឋលេខាធិការបានថ្លៃងថា, ក្នុងនាមសម្តេចក្រឡាហោម ស្នើដល់សិស្សនគរបាល ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤ លើកទី២ នៃសាលានគរបាលជាតិភូមិភាគ ៥ ទាំងអស់ ៖
• ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបានពីការបណ្ដុះបណ្ដាលនេះ ទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធភាព ទទួលបានការពេញចិត្តពីអង្គភាពសាមី ដូចជា គោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពប្រតិបត្តិច្បាប់ឱ្យបានល្អ បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងស្មោះត្រង់
• ត្រូវចេះសម្របខ្លួនក្នុងអង្គភាពការងារ ចេះធ្វើការងារជាក្រុម និងត្រូវចេះគោរពឋានានុក្រមការងារ
• ត្រូវមានអត្តចរិតល្អ សីលធម៌ថ្លៃថ្នូរ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ
• ត្រូវស្វែងយល់លើកិច្ចការងារដែលខ្លួនទទួលបន្ទុក និងរៀនសូត្រ ដកស្រង់បទពិសោធន៍ល្អៗពីអ្នកដទៃ ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់ខ្លួនបន្ថែមទៀត
• ត្រូវខិតខំគោរព និងអនុវត្តឱ្យបានតាមខ្លឹមសារសច្ចាប្រណិធាន និងសម្បថ ៕ដោយ៖ សិលា