ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជន របស់ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជន របស់ខេត្តកំពង់ឆ្នាំង។ 

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តនិងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីតាមមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ទូទាំងខេត្ត ។ 

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ខេត្តបានជួបនូវគ្រោះមហន្តរាយ២៩លើក ក្នុងនោះរួមមាន គ្រោះរាំងស្ងួត២លើក ប៉ះពាល់ស្រូវប្រាំងចំនួន១,៨៤០ហ.ត, ខ្យល់កន្ទ្រាក់២៤លើក និងរន្ទះបាញ់៥លើក ដែលបណ្តាលឲ្យស្លាប់មនុស្ស១នាក់។ ខេត្តក៏បានជួបប្រទះជំនន់ទឹកភ្លៀងបណ្តាលឱ្យខូចខាតស្រូវចំនួន ១,៧៩២ ហ.ត  ខូចខាតផ្លូវជាតិ និងផ្លូវកៅស៊ូ ១,១៧០ម៉  ផ្លូវក្រាលគ្រោះក្រហម និងផ្លូវលំ ប្រវែង ៤៧,៩៤០ម៉ និងខូចខាត ទំនប់ ប្រឡាយ ប្រវែង ៥,៣៧០ម៉ ។ ចំពោះការងារសមាគមអតីតយុទ្ធជន លោក ធន ធឿន ប្រធានសមាគមខេត្ត បានឱ្យដឹងថា សមាគមអតីតយុទ្ធជនខេត្តបានទទួលថវិការបេឡាមរណៈសង្រ្គោះរបស់សម្តេចតេជោ ផ្តល់ជូនគ្រួសារនៃសពសមាជិកស.អ.កចំនួន ៨៨សព សរុបថវិការ អស់ ៣៥២,០០០,០០០៛ សាងសង់ផ្ទះថ្មីបានចំនួន៧ខ្នងសម្រាប់ផ្តល់ជូនអតីតយុទ្ធជន និងប្រគល់ផ្ទះជូនសមាជិកអតីតយុទ្ធន ចំនួន១២ខ្នង។ អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច សរុបចំនួន ២,០៨៨ ហិកតា។ 

លោកអភិបាលខេត្ត បានបន្ថែមថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានរួមគ្នា ឆ្លើយតបបានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។ 

បន្ទាប់ពីនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីរួចមក ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងមន្ត្រីបង្គោលក្រុង ស្រុក បានបញ្ចូលទិន្ន័យគ្រោះមហន្តរាយចូលទៅក្នុងប្រពន្ធ័ PRISM និងបញ្ជូនតាមប្រពន្ធ័ Tablet ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងបានយកចិត្តទុកដាក់ទាំង កម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ និងឆ្លើយតបទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងរយៈពេលកន្លងមកស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ 

លោកទេសរដ្ឋមន្ត្រី ក៏បានចលនាតាមមន្ទីស្ថាប័នជុំវិញខេត្តជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនបានចំនួន៣៨ខ្នង ក្នុងនោះឯកឧត្តមផ្ទាល់បានជួយ៥ខ្នង។ ចំពោះអ្នកអត់ដី អត់ផ្ទះ១០០គ្រួសារ លោកបានឲ្យខេត្តនិងមន្ត្រីពាក់ព័ន្ធខិតខំដោះស្រាយចែកឡូត៍ដើម្បីផ្តល់ជូនពួកគាត់ទាំង១០០គ្រួសារឱ្យបានឆាប់និងទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាដៃគូត្រៀមសម្ភារ ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីផ្ដល់របាយការណ៍បឋម ក្នុងករណីមានគ្រោះមហន្តរាយ កើតមានជាយថាហេតុបញ្ហាសំខាន់ គឺត្រូវដឹង និងដោះស្រាយឲ្យបានទាន់ពេលវេលាជា ពិសេសអាជ្ញាធរក្នុងដែនសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះ ជីវិតមនុស្ស និងធ្វើការឆ្លើយតបទៅតាមសភាពជាក់ស្តែង និងទាន់ពេលវេលា៕

ដោយ៖ សិលា


ចែករំលែក៖