ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លីបវីដេអូស្តីពីការធ្វើដំណើរចូលទៅកាន់សេតវិមានរបស់ប្រធានាធិបតីទី៤៦ របស់អាមេរិក(មានវីដេអូ)

ចែករំលែក៖

លោក​បៃឌិន និងភរិយាដែលជាស្ត្រីទីមួយរបស់អាមេរិក បានចុះពីរថយន្ត រួចធ្វើដំណើរពីឃ្លាំងប្រាក់ទៅកាន់សេតវិមាន​ក្នុងនាមជាប្រធានាធិបតីទី​៤៦របស់អាមេរិក ។ ការធ្វើដំណើរទៅកាន់សេតវិមានក្រោយពិធីស្បថចូលកាន់តំណែងនៅវិមានកាពីតូល ដោយមានកម្លាំងទាហាន​២៥ពាន់នាក់ការពារ ។
ការធ្វើដំណើរទៅបើកទ្វារចូលសេតវិមានដោយមានការរួមដំណើរ ពីភរិយា Jill Bidenនិងកូនៗរបស់លោក ចូលទៅកាន់សេតវិមាន​។ នៅក្នុងការធ្វើដំណើរនេះលោកបៃឌិន ក៏បានដើរទៅកាន់អ្នកគាំទ្រម្នាក់ ជាជនជាតិស្បែកខ្មៅ​ដែលឈរគាំទ្ររូបលោក។ ទាំងនោះជាសារសំខាន់មួយ​បង្ហាញពីការសាមគ្គីជាតិសាសន៍ នាំអាមេរិកទៅកាន់ សាមគ្គីភាពនិងការរីកចម្រើន។
ជាមួយគ្នានេះដែរប្រមុខដឹកនាំនៅជុំវិញពិភពលោក បានជូនពរ​លោកបៃឌិន និងអនុប្រធានាធិបតី កាម៉ាឡា ហារីស​ ដោយនៅក្នុងសារជូនពរ​គឺចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្រោមការដឹកនាំរបស់លោកបៃឌិន និងលោកស្រីហារីស។
នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson​ ដែលជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក បានលើកឡើងថា «ដូចអ្វីដែលខ្ញុំបានលើកឡើង គឺខ្ញុំចង់ធ្វើការជាមួយលោកបៃឌិន​និងរដ្ឋាភិបាលថ្មីរបស់លោក ។ យើងនឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ ​ក៏ដូចជាការអភិវឌ្ឍ ក្រោយកូវីដ​-១៩ បានឆ្លងផុត»។
ជាមួយគ្នានេះប្រធានាធិបតីរុស្ស៊ី លោកពូទីន​​ មិនទាន់មានប្រតិកម្មអ្វី​ក្រោយលោក​បៃឌិនចូលកាន់តំណែងនោះឡើយ ប៉ុន្តែអ្នកនាំពាក្យប្រធានាធិបតីពូទីនបានលើកឡើងថា ទំនាក់ទំនងអាមេរិក- រុស្ស៊ី គឺអាស្រ័យទៅលើលោកបៃឌិន​។ រុស្ស៊ីនៅតែមានសកម្មភាពដូចកាលរាប់រយឆ្នាំមុន ស្វែងរកទំនាក់ទំនងល្អប្រសើរជាមួយអាមេរិក ។
ក្រៅពីនេះនៅមានប្រធានសហគមន៍អឺរ៉ុប ​និងមេដឹកនាំជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុប អាស៊ីបានជូនពរនិងបង្ហាញពីគោលបំណង​ចង់ធ្វើការជាមួយប្រធានាធិបតីថ្មីអាមេរិក ។
ចំណុចដែលចាប់អារម្មណ៍បំផុត​នោះគឺ​ការជូនពរពីនាយករដ្ឋមន្ត្រីឥណ្ឌាដល់លោកបៃឌិននិងលោកស្រី ហារីស​ ដោយមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ​លើគ្រប់វិស័យ។
ឥណ្ឌាជាប្រទេសដែលមានពិធីអបអរសាទរដល់ប្រមុខដឹកនាំអាមេរិកច្រើនជាងគេ មិនថាប្រមុខដឹកនាំនោះឡើយសូម្បីតែពលរដ្ឋឥណ្ឌា ក៏មានពិធីអបអរសាទរផងដែរ ដោយអនុប្រធានាធិបតីអាមេរិក លោកស្រីហារីស មានដើមកំណើតនៅឥណ្ឌា​។ ទាំងនោះជាមោទនភាពរបស់ពលរដ្ឋឥណ្ឌា​៕

ដោយ៖ធី រីណា(រូបភាព៖Reuters )


ចែករំលែក៖