ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យដែលអារ.កជនរងគ្រោះប្លន់យកម៉ូតូហើយរត់គេចបានតែ១ម៉ោងនោះត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ នៅចំណុចខាងកើតផ្លូវបេតុងកែងមណ្ឌល៩ ស្ថិតក្នុងភូមិ ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចកងរាជអាវុធហត្ថបានប្រាប់ថា ជនសង្ស័យឈ្មោះឈុំ ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនកើតហេតុជនសង្ស័យបានហៅម៉ូតូឌុបដែលជាម៉ូតូជនរងគ្រោះនៅម្តុំមុខរោងចក្រអេសស៊ីវ៉ាដូ ហៅរោងចក្រឌីសជិះរហូតដល់ចំណុចកើតហេតុទើបធ្វើសកម្មភាពអារ.កហើយយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួន បានមួយម៉ោងក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថតាមឃាត់ខ្លួនបាននៅចំណុចអគារថ្មី ក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ ប្រាក់ សុខុម ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាល រងរបួសបំពង់កត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកដីថ្មី។ ចំណែកម៉ូតូដែលជនសង្ស័យជិះយកទៅម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AL-6110 និងដកហូតបានកាំបិតចិតបន្លែមួយនិងម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងនេះ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថឃុំខ្លួនបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរចម្លើយកសាងសំណុំរឿងបញ្ជូនទៅជំនាញកងរាជអាវុធហត្ថខេត្តចាត់ការបន្ត៕ដោយ៖វណ្ណា