ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ ៧មករា តេជោសន្ដិភាព រដូវកាលទី៥ បានរកឃើញក្រុមជើងឯកហើយ គឺក្រុមវ័យចាស់កងយោធពលខេមរភូមិន្ទ(ទ័ព) បន្ទាប់ពីបានយកឈ្នះក្រុម Seven Clean ដោយលទ្ធផល ៣-២ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានស្ដាតចាស់ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ម្សិលមុិញ ។
ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក ជុំ កុសល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះការប្រកួតឆ្នាំនេះ ដែលបញ្ចប់ដោយជោគជ័យ ពិសេសមានក្រុមវ័យចាស់ចិន កូរ៉េ និងក្រុមចម្រុះជាតិសាសន៍ ១ក្រុមចូលរួមទៀតផង ។
លោក អ៊ូ រតនា គ្រូបង្វឹកក្រុមវ័យចាស់កងយោធពលខេមរភូមិន្ទ បានសម្ដែងនូវសេចក្ដីរីករាយ ចំពោះការចូលរួមប្រកួតពានរង្វាន់បង្កប់ដោយអត្ថន័យនេះ ដែលជាការប្រកួតរំឮកដល់គុណបុណ្យថ្ងៃជ័យជម្នះ ៧មករា ព្រមទាំងផ្ដល់ឱកាសដល់កីឡាករចាស់ៗ ទាំងអតីតកីឡាករជម្រើសជាតិ និងមន្ដ្រីរាជការជាដើម បានលេងកីឡាដើម្បីសុខភាពផង និងរឹតចំណងមិត្តភាពផង ។
លើសពីនេះ លោកក៏បានចាត់ទុកការប្រកួតពានរង្វាន់មិនអាជីពនេះ គឺជាគំរូមួយ សម្រាប់ជំរុញប្រជាពលរដ្ឋ និងយុវជន ចូលរួមលេងកីឡាឲ្យបគ្រប់គ្នា ស្របតាមយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គឺ “ប្រជាជនម្នាក់ លេងកីឡាមួមុខ” ។ ដូច្នេះតាមរយៈព្រឹត្តិការណ៍នេះ លោកសង្ឃឹមថា នឹងរួមចំណែកបំផុសប្រជាពលរដ្ឋចូលរួមលេងកីឡាកាន់តែច្រើន ។
គួរបញ្ជាក់ថា ពានរង្វាន់ ៧មករា តេជោសន្ដិភាពឆ្នាំនេះ គឺបែងចែកជា ២ ក្នុងនោះការប្រកួតពានធំ ដែលប្រកួត ១១នាក់លើទីលានធម្មតា ជើងឯកបានទៅក្រុមវ័យចាស់ទ័ព ទទួលបានប្រាក់រង្វាន់ ៨លានរៀល, ជើងឯករងបានទៅក្រុម Seven Clean ទទួលបាន ៥លានរៀល និងលេខ៣ ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពរាជធានីភ្នំពេញ ទទួលបានប្រាក់រង្វាន់ ២លានរៀល ។
ចំណែកពានមួយទៀត គឺការប្រកួតពានរង្វាន់ប៉េណាល់ទី ដោយចំណាត់ថ្នាក់លេខ១ បានទៅក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពរាជធានីភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៤លានរៀល, លេខ ២ បានទៅក្រុម 7NG ទទួលបាន ៣លានរៀល និងលេខ៣ បានទៅក្រុម Seven Clean ទទួលបាន ១លានរៀល ៕
ប្រភព: ទទក