កូរ៉េខាងត្បូង៖ បើយោងតាមគេហទំព័រ(ខ្មែរនៅកូរ៉េ News)បានបញ្ជាក់ឲ្យដឹងថា, ក្រុមអនុព័ន្ធការងារនៃស្ថានទូតកម្ពុជា បានធ្វើការរាយការណ៍ពីព័ត៌មានពាក់ព័ន្ធពលករខ្មែរយើង ដែលបានរងគ្រោះក្នុងករណីគ្រោះអគ្គិភ័យ នៅក្នុងរោងចក្រមួយកន្លែង នៅខេត្តឈុនប៊ុក កាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ។
ប្រភពពីគេហទំព័រដដែលបានលើកឡើងថា, បើតាមក្រុមអនុព័ន្ធការងារនៃស្ថានទូតបានឱ្យដឹងថា ពលករដែលរងគ្រោះមានឈ្មោះថា សោភ័ណ្ឌ ធ្វើការនៅក្នុងរោងចក្រផលិតប៉ារែតជ័រ នៅខេត្តឈុនប៊ុក។ មូលហេតុនៃការឆាបឆេះត្រូវឱ្យបានដឹងថា បណ្តាលមកពីការរោលហ្គាសឆេះប៉ារ៉ែតជ័រ ហើយធ្វើឲ្យឆេះសន្ធោសន្ធៅនៅក្នុងរោងចក្រនេះតែម្តង។
ក្នុងរោងចក្រនេះមានពលករប្រមាណ ៨០នាក់ ដោយក្នុងនោះមានពលករខ្មែរ ចំនួន ៦នាក់។ ទ្រព្យសម្បត្តិដែលបាត់បង់របស់ពលករខ្មែរ គឺសម្ភារៈប្រើប្រាស់ និងខោអាវរបស់ពួកគាត់ ហើយ ID card លិខិតឆ្លងដែន ឯកសារផ្សេងៗ មិនមានការបាត់បង់ទេ។
ក្រុមការងារនៃអនុព័ន្ធការងារបានបញ្ជាក់ផងដែរថា សម្រាប់ស្ថានភាពពលករខ្មែរទាំង៦នាក់បច្ចុប្បន្ន គឺថៅកែមានកន្លែងឱ្យស្នាក់នៅបណ្ដោះអាសន្ន និងរៀបចំម្ហូបអាហារជូនពលករយើងដោយយកចិត្តទុកដាក់ផងដែរ។ ម្យ៉ាងទៀត ពលកររោងចក្រដែលរងគ្រោះបានបញ្ជាក់ដែរថា ថ្ងៃស្អែក ថៅកែខ្លួននឹងនាំពួកគាត់ទៅដាក់ពាក្យស្វែងរកការងារថ្មីផងដែរ។
ក្រុមអនុព័ន្ធការងារលើកឡើងថា នឹងនៅបន្តរក្សាទំនាក់ទំនងជាមួយពួកគាត់ និងជួយសម្របសម្រួលរាល់បញ្ហាផ្សេងៗ បើសិនជាមានការស្នើសុំអ្វីមួយពីពលករខាងលើ ហើយក្រុមការងារនឹងចុះទៅសួរសុខទុក្ខ ហើយយកសម្ភារៈ និងថវិកាមួយចំនួនជូនពួកគាត់នាពេលខាងមុខផងដែរ៕
ដោយ៖ សិលា