ខេត្តកំពង់ធំ ៖ អង្គភាពមន្ទីរព័ត៌មានខេត្តកំពង់ធំបានរាយការណ៍ជំរាបជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មានឲ្យដឹងថា៖ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុនសុី អឹម វី អាយ សុី CMVIC បានរៀបចំដំណើរការម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តអចល័តនៅក្នុងខេត្តកំពង់ធំហើយដើម្បីត្រួតពិនិត្យបច្ចេកទេសរថយន្ត(ឆៀក)។
លោក ជូ កូល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំបានឲ្យដឹងថា ទីតាំងសម្រាប់ការឆៀករថយន្ត មាន នៅភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មាន ប្រមាណជាង៣គីឡូម៉ែត្រពីទីរួមខេត្តឆ្ពោះទៅកាន់រាជធានីភ្នំពេញហើយបានដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែមករា ២០២១កន្លងទៅនេះ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំបានថ្លែងថា , ការត្រួតពិនិត្យយានយន្តនេះ គឺជាការសម្រួលដល់ប្រជាពលរដ្ឋ លើការត្រួតពិនិត្យដែលកាលពីមុន ម្ចាស់យានយន្តត្រួវទៅធ្វើការត្រួតពិនិត្យនៅឯខេត្តសៀមរាប ខេត្តកំពង់ចាម ឬរាជធានីភ្នំពេញ។ ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៊ីនអចល័តធ្វើការត្រួតពិនិត្យនៅក្នុងខេត្តកំពង់ធំ ដើម្បីកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋ ។
លោកប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋសុំឲ្យមានការយោគយល់ចំពោះការខ្វះខាត និងចំណុចអវិជ្ជមាននៅពេលដែលធ្វើការត្រួតពិនិត្យ ជាពិសេសសូមឱ្យរៀបចំឱ្យមានរបៀបរៀបរយ ព្រោះថារថយន្តច្រើនធ្វើឱ្យមានការកកស្ទះ។
លោកបានបន្តថា, ចំពោះម្ចាស់យានយន្តចាស់ត្រូវយកមកជាប់ជាមួយនូវវិញ្ញាបនប័ត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ និងចម្លងប័ណ្ណសំគាល់យានយន្ត (កាតគ្រី) មួយសន្លឹក និងចំពោះយានយន្តថ្មី ត្រូវចម្លងសន្លឹកពន្ធនាំចូលមួយសន្លឹក និងចម្លងអត្តសញ្ញាណប័ណ្ណចំនួនមួយសន្លឹក។
ប្រជាពលរដ្ឋបានលើកឡើងអំពីការសប្បាយចិត្តដោយពួកគាត់មិនពិបាកធ្វើដំណើរទៅទីឆ្ងាយក្នុងការធ្វើឆៀករថយន្តពួកគាត់បានឃើញអំពីសមិទ្ធិផលក៏ដូចជាទីកន្លែងដែលបានបង្កើតថ្មីព្រោះថាកន្លែងនេះមានរោងសម្រាប់ជ្រកម្លប់មានកន្លែងសម្រាប់អង្គុយរង់ចាំមានបន្ទប់ទឹកក៏ដូចជាងាយស្រួលជាពិសេសនោះគឺបុគ្គលិកមានអាកប្បកិរិយាទន់ភ្លន់និងមានក្រមសីលធម៌ក្នុងការបង្ករភាពងាយស្រួលជួយដល់បងប្អូនប្រជាពរដ្ឋ ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលេខ៣៩ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន មានការយល់ដឹង ជាពិសេសបានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបានចូលរួមគោរពច្បាប់ចរាចរណ៍៕
ដោយ៖ សិលា