ភ្នំពេញ៖ ក្រុមហ៊ុននឹងស្រូបយកកម្លាំងពលកម្មក្នុងស្រុកឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើតាមរយៈការបណ្ដាក់ទុនវិនិយោគ ពិសេសក្រុមហ៊ុនមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រទេសដែលមានសន្តិភាពពេញលេញ។ ទោះជាដំណាក់កាលពិភពលោកទាំងមូលកំពុងវាយលុកដោយជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជាក៏កំពុងទប់ស្កាត់ជំងឺកូវីដ-១៩ក៏ដោយ ក៏យើងទទួលបានអ្នកវិនិយោគទុនជាបន្តបន្ទាប់ដែរ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់និងកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន NEW ERA (CAMBODIA) CASHMERE TEXTILE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១A ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៥១កន្លែង៕
ដោយ៖សុខ ខេមរា