ព័ត៌មានទាន់ហេតុការណ៍៖

ប្រជុំគណៈកម្មការគោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES ដែលមានទឹកប្រាក់សរុបប្រមាណ ២៥០ លានដុល្លារអាមេរិក តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំគណៈកម្មការគោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Ahmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាសហប្រធាននៃគណៈកម្មការគោលនយោបាយ CARES ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលជាសមាជិកសមាជិកានៃគណៈកម្មការគោលនយោបាយនេះ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
លោក វង្សី វិស្សុត បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនាពេលនេះ មានគោលបំណងធ្វើការពិនិត្យ និងតាមដានវឌ្ឍនភាពរួមគ្នា ក្នុងការអនុវត្តកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់សរុបប្រមាណ២៥០លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់ JICA ប្រមាណ២៣៨លានដុល្លារអាមេរិកទៀត ដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធីCARESនេះ។ ទន្ទឹមនេះ លោកក៏បានជម្រាបអង្គប្រជុំអំពីករណីឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា ដែលមកដល់ត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ត្រឹមតែ៤៣៩ករណីប៉ុណ្ណោះ និងពុំមិនមានករណីស្លាប់នោះទេ។ ការគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ បានល្អប្រសើរយ៉ាងនេះ ដោយសារតែការដាក់ចេញនូវវិធានការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ប្រកបដោយភាពម៉ឹងម៉ាត់ និងហ្មត់ចត់ ពិសេសការអនុវត្តនូវវិធានការសុខាភិបាល តាមរយៈការវាស់កំដៅ ពាក់ម៉ាស់ការពារ និងរក្សាគម្លាតសង្គម ព្រមទាំងដោយមានការចូលរួមគាំទ្ររបស់ប្រជាជន ដោយស្នាក់នៅក្នុងផ្ទះ និងមិនចេញទៅក្រៅ នៅពេលដែលមិនចាំបាច់។ តាមការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ ត្រូវបានវាយតម្លៃថា នឹងមានការថមថយ ដោយសារការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ដំណើរការសេដ្ឋកិច្ច ទាំងលើសកម្មភាពផលិតកម្ម និង ការប្រើប្រាស់ ព្រមទាំងការវិនិយោគ។ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១ នេះ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ដោយសារការរំពឹងទុកនៃការកើនឡើងដោយសន្សឹមៗនៃវិស័យគាំទ្រកំណើនមួយចំនួន និងប្រសិទ្ធភាពនៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការរំពឹងទុកថា វ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើម ចែកចាយក្នុងឆ្នាំ២០២១ នេះ។
លោក វង្សី វិស្សុត ក៏បានបន្តទៀតថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ និងរលកថ្មីនៃការរីករាលដាលនៃជំងឺនេះជាបន្តបន្ទាប់ ទាំងនៅជុំវិញពិភពលោក និងនៅកម្ពុជា រហូតមកទល់នឹងនេះ វាបានធ្វើឱ្យយើងកាន់តែស្គាល់ និងយល់ដឹងអំពីជំងឺនេះថែមទៀត ព្រមទាំងយើងអាចមានជម្រើសនៃការព្យាបាលជំងឺនេះបានល្អជាងមុន ជាពិសេសយើងអាចដាក់ចេញនូវវិធានការឆ្លើយតបនឹងជំងឺនេះ ឱ្យកាន់តែចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ប្រការនេះ រឹតតែធ្វើឱ្យកម្ពុជាកាន់តែទទួលបទពិសោធន៍កាន់តែច្រើន និងមានទំនុកចិត្តខ្ពស់ជាងមុន ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវជំងឺរាតត្បាតដទៃទៀត។ បច្ចុប្បន្ន កម្ពុជាមានមន្ទីរពិសោធន៍ចំនួន០៤ សម្រាប់ធ្វើតេស្តរកករណីជំងឺកូវីដ-១៩ និងបានបង្កើនសមត្ថភាពធ្វើតេស្តរកករណីជំងឺកូវីដ-១៩ ពី ៦០០ សំណាក រហូតទៅដល់ ៤ ០០០ សំណាក ក្នុងមួយថ្ងៃ ព្រមទាំងមានក្រុមឆ្លើយតបរហ័សរហូតដល់ទៅដល់ ៣ ០០០ ទៅ ៤០០០ នាក់ ដើម្បីគាំទ្រដល់ការធ្វើតេស្ត និងធ្វើការតាមរកអ្នកប៉ះពាល់ជំងឺកូវីដ-១៩ផងដែរ។ លោកបានបន្ថែមថា នៅពេលដែលកម្ពុជានឹងទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលខាងមុខនេះ វាអាចនឹងជួយឱ្យកម្ពុជាឈានឆ្ពោះទៅការលុបបំបាត់ជំងឺកូវីដ-១៩ និងអាចដំណើរការសេដ្ឋកិច្ចរបស់ខ្លួនបានពេញលេញឡើងវិញ។
លោក វង្សី វិស្សុត ក៏បានមានប្រសាសន៍ថា នៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាប្រមាណ ១,៣៥ ប៊ីលានដុល្លារអាមេរិក ដើម្បីត្រៀមឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ។ នៅក្នុងក្របខណ្ឌនេះ រួមទាំងការពង្រឹងប្រព័ន្ធសុខាភិបាល, ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, ការគាំទ្រដល់អាជីវកម្ម និងធុរកិច្ច ដែលទទួលរងផលប៉ះពាល់ ពិសេសការគាំទ្រដល់សហគ្រាសធុនតូច និងធម្យម តាមរយៈការដាក់ឱ្យដំណើរការធនាគារអេសអិមអ៊ី និងការធានាឥណទាន ព្រមទាំងការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ, ការឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ (ក្រ១ និងក្រ២) និងងាយរងគ្រោះ និងកម្មវិធីសាច់ប្រាក់ពលកម្ម ព្រមទាំងការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត

ដែលព្យួរការងារ និងការរៀបចំវគ្គបណ្តុះបណ្តាលដល់កម្មករនិយោជិត ទាំងជំនាញទន់ និងជំនាញបច្ចេកទេសជាដើម។ល។
លោក Ahmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា។ លោកក៏បានមានប្រសាសន៍ថា ADB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនេះ លោកក៏បានថ្លែងផងដែរថា ADB នឹងផ្តល់ការគាំទ្រលើ៖ (១). ការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងរបស់កម្ពុជា តាមរយៈការចាប់ផ្តើមការរៀបចំកិច្ចលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ និងសម្ភារៈបច្ចេកទេសសម្រាប់ការអនុវត្តកម្មវិធីនេះ (២).ការគ្រប់គ្រងតាមច្រកព្រំដែន ដែលជាចំណុចសំខាន់ក្នុងការបញ្ជៀសនូវការរីករាលដាលនៃជំងឺកូវីដ-១៩ (៣).ការការពារជនងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ និង (៤).ការគ្រប់គ្រងវិបត្តិនៃការកើនឡើងតម្លៃចំណីអាហារ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា និង ADB បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងទឹកប្រាក់សរុបប្រមាណ ២៥០ លានដុល្លារអាមេរិក សម្រាប់កម្មវិធីឆ្លើយតប នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES)។ កម្មវិធីនេះនឹងធ្វើការគាំទ្រដល់ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារ ជំងឺកូវីដ -១៩ ។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្នែកសុខាភិបាល, ជំនួយសង្គម, និង ការទ្រទ្រង់សេដ្ឋកិច្ច នៃកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES)។ អង្គប្រជុំក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិ និងបានដាក់ចេញនូវវិធានការ និងកម្មវិធីការងារអាទិភាព មួយ ចំនួន ជាពិសេសការរៀបចំយុទ្ធសាស្ត្រនៃការអនុវត្តកិច្ចលទ្ធកម្ម ក្នុងការទិញវ៉ាក់សាំង, ពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យ សុខាភិបាល, ព្រមទាំងពិនិត្យតម្រូវការចាំបាច់ ទាំងធនធានមនុស្ស និងឧបករណ៍បរិក្ខាបច្ចេកទេស ដើម្បីអាចសម្រេច បានលទ្ធផលល្អប្រសើរ តាមគោលដៅដែលរំពឹងទុក។
នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB និងរាជរដ្ឋាភិបាលជប៉ុនដែលតែងតែផ្តល់នូវការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានអនុម័តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ការស្តារ និងអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា តាមសំណើរបស់កម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសំដៅជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅក្នុងបរិការណ៍ជំងឺកូវីដ-១៩ នេះផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖