ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ឃើញក្មេងស្រីសិស្សសាលាជិះកង់ត្រឡប់មកពីរៀនវិញ បានយកកាំបិតផ្គាក់គប់សំដៅលើក្មេងស្រីរងគ្រោះ តែសំណាងល្អមិនត្រូវ ហើយជនសង្ស័យក៏ស្រែកគំរាមដុតផ្ទះក្មេងស្រីរងគ្រោះបន្ថែមទៀត ធ្វើឲ្យក្មេងស្រីរងគ្រោះភ័យក៏ប្រាប់ឪពុកម្ដាយឱ្យប្តឹងសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង ០០នាទី នៅចំណុចភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ បូរិន ស្រីលីន អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ចំណែកជនសង្ស័យឈ្មោះ ស៊ន រតនា (ហៅទន់) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ដោយឡែកវត្ថុតាងចាប់យក មានកាំបិតផ្គាក់ចំនួន១។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យតែងតែផឹកស៊ីឡូឡា ចាក់ធុងបាស់ឮខ្លាំងបង្កការរំខានដល់ក្រុមគ្រួសារនិងអ្នកជិតខាង ។
រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែលជា ១១និង០០នាទីព្រឹក ជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានយកកាំបិតផ្គាក់ខាងលើយកមកកាប់គ្រែនិងទូរទស្សន៍របស់ម្ដាយខ្លួន ហើយថែមទាំងស្រែកសម្លុតនិងគំរាមម្ដាយរបស់ខ្លួនបណ្ដាលឱ្យម្ដាយមានការភិតភ័យជាខ្លាំង។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍ ហើយស្ត្រីជាម្ដាយបានសំណូមពរឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំត្រឹមប៉ុស្តិ៍បានហើយ ។ បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ធ្វើការអប់រំជនសង្ស័យរួច ខណៈជនសង្ស័យត្រឡប់មកដល់ផ្ទះវិញ រូបគេមិនគោរពនិងធ្វើតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើនៅចំពោះមុខសមត្ថកិច្ចនោះទេ ថែមទាំងបន្តការផឹកស៊ីស្រែកឡូឡា និងចាក់ធុងបាស់ឮៗ បង្កការរំខានដល់អ្នកជិតខាងបន្ថែមទៀត ។រហូតមកដល់វេលាម៉ោង១៣៖០០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ បូរិន ស្រីលីន (ជនរងគ្រោះ) បានត្រឡប់មកពីសាលារៀនវិញជាធម្មតា ដោយកន្លងមកក្រុមគ្រួសាររបស់ជនសង្ស័យនិងក្រុមគ្រួសាររបស់ជនរងគ្រោះធ្លាប់មានទំនាស់នឹងគ្នា ខណៈពេលដែលជនរងគ្រោះកំពុងជិះកង់ចូលក្នុងផ្ទះ ស្រាប់តែជនសង្ស័យបានឃេីញជនរងគ្រោះ ក៏បានយកកាំបិតផ្គាក់គប់លេីជនរងគ្រោះតែម្ដង ប៉ុន្តែដោយកាំបិតបានទាក់នឹងសំណាញ់របងទើបមិនបណ្ដាលឱ្យជនរងគ្រោះរងរបួសទេ ហើយថែមទាំងបាននិយាយគំរាមកំហែងរកដុតផ្ទះជនរងគ្រោះថែមទៀតផង ជាហេតុធ្វើឧ្យជនរងគ្រោះភិតភ័យក៏បានយករឿងទាំងអស់ទៅប្រាប់ឪពុករបស់ខ្លួនតែម្តង។ ខណៈឪពុកជនរងគ្រោះដឹងនូវរឿងហេតុខាងលើ ភ្លាមៗនោះក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលឲ្យជួយធ្វើអន្តរាគមន៍ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប្រទាលបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការដកហូតវត្ថុតាង និងបាននាំខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាងជ័យ