ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្របសម្រួលបញ្ចប់វិវាទករណីសំណង់ផ្សារទំនើបសេនជូរីផ្លាហ្សា តាមវិធីសាស្រ្តឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុុំសម្របសម្រួលបញ្ចប់ករណីវិវាទរវាងក្រុមហ៊ុនCCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និេងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា នៅក្នុងការដ្ឋានសាងសង់ផ្សារទំនើបសេនជូរីផ្លាហ្សា ដែលមានជាន់ក្រោមដី២ជាន់ និងកម្ពស់ឡើងលើ ៦ជាន់ ដែលស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

     ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងមកជម្លោះនេះក៏បានធ្វើឲ្យសំណង់ផ្សារត្រូវបានផ្អាកជាបណ្តោះអាសន្ន ជាច្រើនខែ ដែលបានធ្វើឲ្យអាជីវករទាំងអស់មានអារម្មណ៍មិនល្អចំពោះគម្រោងនៃការសាងសង់ផ្សារទំនើសេនជូរីផ្លាហ្សានេះ និងបានធ្វើឲ្យសំណង់នេះមិនអាចបញ្ចប់តាមកិច្ចសន្យាដែលបានកំណត់ និងម្យ៉ាងទៀតក៏បានធ្វើឲ្យអាជីវករខកខានក្នុងការលក់ដូរផងដែរ ។ លោកស្រីបានបន្តទៀតថា កន្លងមកក្រសួងបានចាត់គណៈប្រតិភូចុះអង្កេតស្រាវជ្រាវដល់មូលដ្ឋានទំនាស់ និងមានការប្រជុំសម្របសម្រួលជាបន្តបន្ទាប់ មកហើយ។ 

ដោយឡែកនៅរសៀលថ្ងៃនេះ ក្រោមការដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់វិវាទ នៅចំពោះមុខវត្តមានរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គូភាគីទាំងសងខាងបានសម្តែងនូវការសប្បាយចិត្ត ព្រោះករណីវិវាទត្រូវបានដោះស្រាយបញ្ចប់ដោយឈរលើគោលការណ៍តម្លាភាព ភាតរភាព និងយុត្តិធម៌ ហើយគ្រប់ភាគីសុទ្ធតែឈ្នះ ស្របតាមវិធីសាស្រ្ត ឈ្នះ=ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ។  ជាពិសេស ភាគីទាំងអស់ក៏បានឯកភាព និងសន្យាអនុវត្តយ៉ាងម៉ឹងម៉ាត់ តាមស្មារតីនៃកិច្ចប្រជុំនារសៀលនេះក្នុងការបញ្ចប់ទំនាស់ និងបន្តការសាងសង់បញ្ចប់ ។ 

    នៅចំពោះមុខអង្គប្រជុំ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា ក៏បានប្រគល់ការដ្ឋានសំណង់ជូនលោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុនសេនជូរីហ្គ្រុប បន្តសាងសង់បញ្ចប់ ដើម្បីឲ្យភាគីក្រុមហ៊ុនបានប្រគល់ជូនដល់អាជីវករជាង១.២០០តូប អាចធ្វើការលក់ដូរជាធម្មតាវិញនៅក្នុងផ្សារនាពេលឆាប់ៗខាងមុខនេះ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងម៉ុតមាំថា ក្រុមហ៊ុននឹងបន្តបញ្ចប់ការសាងសង់ ដោយគោរពតាមបទដ្ឋាននៃសំណង់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញបន្ថែមមួយកម្រិតទៀត ។ នៅចុងបញ្ចប់ភាគីទាំងអស់ក៏បានធ្វើការប្រគល់និងទទួលនូវកិច្ចសន្យាសាងសង់នៅក្នុងទីតាំងការដ្ឋានផងដែរ ៕

ដោយ៖សំរិត


ចែករំលែក៖