ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានខ្លឹមសារ «បាទ សូមប្តឹង មានការភ្នាល់ស៊ីសង ជល់មាន់តាមអនឡាញ យ៉ាងសកម្ម ស្រែកហ៊ោខ្លាំងៗ នៅខាងមុខសាលាឃុំបែកចាន ស្រុកអង្គស្នួល ម្ចាស់កន្លែង ឈ្មោះ ធី ឱ្យលុយប៉ូលីសរាល់ខែ សូមលោកចុះមកបំបាត់ផង»។
ក្រោយពីទទួលបានដំណឹងភ្លាមៗ ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ធ្វេីការស្រាវជ្រាវ ស៊េីបអង្កេតទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍នោះ។
ជាលទ្ធផល៖ នៅរសៀលថ្ងៃសៅរ៍ ១០កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានចុះពិនិត្យទីតាំងខាងលើពិនិត្យឃើញថា ម្ចាស់ផ្ទះឈ្មោះ សេង ទ្រី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ពិតជាបានលួចលាក់ចាក់វីដេអូជល់មាន់ តាមអនឡាញ ប្រាកដមែន។
ក្រោយពីពិនិត្យឃើញដូច្នេះ សមត្ថកិច្ចប៉ុស្តិ៍បានអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់ទីតាំងខាងលើ រួមមាន៖
១/ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។
២/ ហាមមិនឱ្យមានចាក់វីដេអូជល់មាន់តាមអនឡាញដាច់ខាត។
៣/ ត្រូវសហការជាមួយសមត្ថកិច្ចមូលដ្ឋាននិងគ្រប់លំដាប់ថ្នាក់ពីសកម្មភាពខុសច្បាស់។
+សូមបញ្ជាក់ថា អធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានបដិសេធ ពុំបានទទួលយកលុយប្រចាំខែពីទីតាំងខាងលេីកឡេីយដូចប្រជាពលរដ្ឋខាងលើរាយការណ៍នោះទេ។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕
សូមអរគុណ!!!
ដោយ៖ សិលា