ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី យក់ សម្បត្តិ៖ មី១ពាន់កេសបន្ថែមទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ដល់ខេត្តឧត្តរមានជ័យ ដើម្បីផ្គត់ផ្គង់សម្រាប់ការធ្វើចត្តាឡីស័ករបស់ពលករ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា  បានសម្រេចផ្តល់ជំនួយមី១ពាន់កេសថែមទៀត ដល់ខេត្តឧត្តរមានជ័យ ដើម្បីផ្គត់ផ្គង់ដល់ការធ្វើចត្តាឡីស័ករបស់ពលករមកពីប្រទេសថៃ ហើយជំនួយមី១ពាន់កេសនេះ ត្រូវបានក្រសួងសុខាភិបាល ចាត់ចែងដឹកទៅប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យនៅថ្ងៃនេះផងដែរ។

សូមបញ្ជាក់ផងដែរថា,ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ដែលជាប់ព្រំដែនជាមួយគ្នា កម្ពុជាបានរកឃើញមានពលករជាបន្តបន្ទាប់មានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។ ប៉ុន្តែអាជ្ញាធម៌ សមត្ថកិច្ច នៅតាមព្រំដែន បានយកចិត្តទុកដាក់ការពារតាមបន្ទាត់ព្រំដែន នឹងរៀបចំធ្វើចត្តាឡីស័ក បានយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

ឆ្លើយតបនឹងស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជំនួយថវិកាជាបន្តបន្ទាប់ដល់ខេត្តជាប់ព្រំដែនថៃទាំង ៧ ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករដែលត្រឡប់មកពីប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករខ្មែរមិនតិចជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា។

សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសជូនព័ត៌មាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២នាក់ថែមទៀត ដែលម្នាក់ជាពលករមកពីប្រទេសថៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក៕

ដោយ៖ សិលា


ចែករំលែក៖