ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ចង់សហការជាមួយអាមេរិកស្តីពីវិស័យប្រេងនិងសន្តិសុខនៅតំបន់ឈូងសមុទ្រ

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់អុីរ៉ង់ បានបញ្ជាក់ថាប្រទេសអ៊ិស្លាមមួយនេះ អាចនឹង សហការជាមួយអាមេរិកក្នុងវិស័យប្រេង​និងសន្តិសុខនៅតំបន់ឈូងសមុទ្រ ​។
រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោកMohammad Javad Zarif នៅថ្ងៃទី២៣ខែមករាបានបញ្ជាក់ថា អុីរ៉ង់​នឹងមិនអនុញ្ញាតឲ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះឡើយ​ ។ ប៉ុន្តែអុីរ៉ង់ នឹងសហការលើវិស័យថាមពលប្រេង ក៏ដូចជាការធានាដល់សន្តិសុខនៅតំបន់ឈូងសមុទ្រ​ ពែក្ស​។ តាមការលើកឡើងរបស់មន្ត្រីការបរទេសអុីរ៉ង់ វត្តមានរបស់កម្លាំងទាហានបរទេសនៅតំបន់ឈូងសមុទ្របានបង្កអសន្តិសុខក្នុងតំបន់នេះ ។
ទំនាក់ទំនងរវាងអាមេរិក នឹងអុីរ៉ង់ កាន់តែអាក្រក់ ក្រោយពេលរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ​២០១៥ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអូបាម៉ា ។ មិនតែប៉ុណ្ណោះលោកត្រាំក៏បានបង្កើនការដាក់ទណ្ឌកម្មបន្ថែមទៀតដល់អុីរ៉ង់ ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែតានតឹង ។
រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ បានអំពាវនាវដល់រដ្ឋាភិបាលថ្មីរបស់ អាមេរិកដឹកនាំដោយប្រធានាធិបតីបៃឌិន លុបចោលរាល់ការដាក់ទណ្ឌកម្ម ដែលលោកត្រាំបានអនុម័តទៅលើប្រទេសអុីរ៉ង់ ហើយវិលត្រឡប់ទៅកាន់កិច្ចព្រមព្រៀងវិញ ដើម្បីបញ្ឈប់ការប្រឈមមុខដាក់គ្នា៕ ដោយ៖ធី រីណា

រូបភាព៖Indian Express.


ចែករំលែក៖